ខេត្តត្បូងឃ្មុំ ៖ ភ្លៀងបានបង្អុរធ្លាក់ចុះមកកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ដោយមានបាតុភូតធម្មជាតិរន្ទះបាញ់ចំស្ត្រីម្នាក់ដែលកំពុងងូតទឹក និងបោកសម្លៀកបំពាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅសំយាបផ្ទះ ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រែក បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហូវ សុខហេង អាយុ៣០ឆ្នាំ រស់នៅភូមិកើតហេតុ ។ ខណៈមេឃកំពុងតែបង្អុរភ្លៀង ស្ត្រីរងគ្រោះបានចេញមកងូតទឹក និងបោកសម្លៀកបំពាក់នៅខាងក្រៅផ្ទះនៅខាងក្រោមទរបង្ហូរពីលើដំបូល ស្របពេលនោះស្រាប់តែរន្ទះបានបាញ់មកចំស្ត្រីរងគ្រោះជាហេតុបណ្តាល ឲ្យដួលដេកទៅលើដីស្លាប់ភ្លាមៗមួយរំពេចតែម្តង ។
មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រែក បានប្រាប់ឲ្យដឹងថា បន្ទាប់មកបុរសជាប្តីបានរត់ចេញមកក្រៅមើលឃើញពីហេតុការណ៍ប្រពន្ធ ស្លាប់ក៏បានទ្រហោរយំ ហើយបានភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។ ក្នុងពេលនោះសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រែក បានចុះទៅពិនិត្យសពឃើញមានស្នាមខ្មៅរោលត្រង់ក និងខ្លួនប្រាណ ដោយសារតែត្រូវរន្ទះបាញ់ ចំណែកខ្សែកដែលពាក់នៅនឹងកត្រូវបានជ្រុះដាច់ជាកំណាត់ៗ ៕