ខេត្តកណ្តាល ៖ រៀបការអស់រយៈពេលជាង១០ឆ្នាំមកហើយ រហូតមានមានកូនស្រី២នាក់ ស្រាប់តែប្រពន្ធមិនឱ្យដេកក្នុងមុងជាមួយ ថែមទាំងជេរប្រមាថមើលងាយដេញចុះពីលើផ្ទះទៀត ។ ទោះបីបុរសជាប្តី ដែលនឹកឃើញអាណិតអនាគតកូនស្រីទាំង២នាក់ខំសុំអង្វរប្រពន្ធ យ៉ាងណាក៏ដោយ ក៏ស្ត្រីជាប្រពន្ធមិនព្រម ហើយថែមទាំងសុខចិត្តប្រគល់ទ្រព្យសម្បត្តិមួយចំនួន រួមជាមួយកូនស្រីទាំង២នាក់ ដែលប្តីនៅអាលោះអាល័យឱ្យមកប្តី ឱ្យតែព្រមចុះចេញពីលើផ្ទះ ។
រឿងរ៉ាវប្តី-ប្រពន្ធទាំង២នាក់នេះ ទោះបីជាអាជ្ញាធរភូមិ-ឃុំ ខំប្រឹងសម្របសម្រួលស្រុះស្រួលរួមរស់ជាមួយគ្នាវិញយ៉ាងណាក៏ដោយ ក៏ស្ត្រីជាប្រពន្ធមិនព្រមដែរ ដាច់ខាតត្រូវតែលែង ហើយជំរុញឱ្យអាជ្ញាធរធ្វើកិច្ចសន្យា ដោយភាគីខាងប្រពន្ធ ព្រមប្រគល់មេគោ២ក្បាល និងកូនស្រីទាំង២នាក់ឱ្យមកខាងប្តីជាអ្នកមើលថែ ដោយមានអាជ្ញាធរមូលដ្ឋានទទួលដឹងឮ ។
ឥឡូវស្រាប់តែស្ត្រីជាប្រពន្ធឡើងទៅប្តឹងនៅតុលាការ សុំទាមទារចែកទ្រព្យសម្បត្តិ និងកូនស្រីមកវិញ ។ ប្តីប្រពន្ធខាងលើនេះ ប្តីឈ្មោះឡុង ឈឿន អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះសៀក សុផា អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិសំរោងក្អែ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានរៀបការជាង១០ឆ្នាំហើយ ដោយមានកូនស្រី២នាក់ កូនច្បងឈ្មោះស៊ីម ផារី អាយុ១០ឆ្នាំ កូនប្អូនឈ្មោះស៊ីម ស្រីវីន អាយុ៩ឆ្នាំ ។
បើតាមសម្តីរបស់បុរសឈ្មោះឡុង ឈឿន បានរៀបរាប់ថា ប្រពន្ធរបស់គាត់ គឺជាស្ត្រីមេម៉ាយកូនមួយ ដោយប្តីមុនរត់ចោល ។ ហើយចាស់ទុំ បានផ្សំផ្គុំចូលស្តីដណ្តឹងរៀបការតាមប្រពៃណី តាំងពីឆ្នាំ2005 មកម្ល៉េះ ។ ចាប់តាំងពីរៀបការហើយ ពួកគេទាំង២នាក់ បានចាប់ដៃគ្នារកស៊ី មិនដែលមានផលអាក្រក់អ្វីក្នុងគ្រួសារឡើយ ដោយប្រពន្ធលក់ដូរបន្តិចបន្តួច រីឯប្តីដើរស៊ីឈ្នួលធ្វើកម្មករសំណង់ កម្មករដំឡើងរោងការ និងមើលគោច្រូតស្មៅគោផងដែរ ។
រហូតដល់សល់លុយកាក់បន្តិចបន្តួច ក៏ទិញឈើធ្វើផ្ទះនៅលើដីដែលឪពុកខាងស្រីចែកឱ្យសមល្មម រស់នៅក្នុងគ្រួសារ ។ បុរសឡុង ឈឿន បានបន្តទៀតថា ចាប់ដៃគ្នាសាងអនាគតអស់រយៈពេលជាង១០ឆ្នាំ មានចំណងបានកូនស្រី២នាក់ ស្រាប់តែប្រពន្ធមិនឱ្យខ្លួនដេកជាមួយ ពេលដែលប្តីបើកមុងចូលដេកស្ត្រីជាប្រពន្ធ រត់ចេញពីមុងស្រែកផ្អើលអស់គេឯង ជិតខាងថែមទាំងជេរប្រមាថមើលងាយដេញខ្លួនឱ្យចុះចេញពីផ្ទះ សុខចិត្តឱ្យលុយ2000$ដុល្លារ និងមេគោ2ក្បាលទៀត ។
ប៉ុន្តែបុរសជាប្តីដោយនឹកឃើញអាណិតពីអនាគតកូនស្រីទាំង2នាក់ ក៏ទ្រាំធ្វើឆ្កែឆ្មា ចេះតែអង្វរប្រពន្ធ តែប្រពន្ធនៅតែមិនស្តាប់ការអង្វររបស់ប្តី ថែមទាំងនិយាយថា បើអាអ្ហែងនៅអាលោះអាល័យកូនទាំង២នាក់ អ្ហែងយកកូនទាំង២នេះចុះទៅ ។ រហូតដល់ថ្ងៃទី០៨ មេសា ២០១៦ ទើបភាគីខាងប្រពន្ធ ហៅភាគីប្តីទៅធ្វើកិច្ចសន្យាប្រគល់កូន២នាក់ និងគោមេ២ក្បាលឱ្យមកខាងប្តី ។
ដោយនៅចំពោះមុខអាជ្ញាធរឃុំ ស្ត្រីជាប្រពន្ធបានលើកឡើងថា មូលហេតុដែលខ្លួនរករឿងលែងប្តីនេះ គឺមកពីប្តីមិនចេះរកស៊ីអីហើយពេលដែលខ្លួនគេឈឺម្តងៗ ប្តីមិនជួយមើល ។ ឯប្តីបាននិយាយថា គ្មានវត្ថុតាងគាត់មិនអាចចោទប្រពន្ធរបស់គាត់មានអ្នកផ្សេងបាន ទេ ប៉ុន្តែមនុស្សស្រីបោះបង់ចោលប្តីចោលកូនហើយ ប្រហែលដូចគេនិយាយដែរ ព្រោះរូបលោក រូបរាងអាក្រក់យ៉ាងនេះមិនស្អាតដូចគេ ។
លោកឡុង ឈឿន បញ្ជាក់កាលដែលប្រពន្ធមិនឱ្យដេកជាមួយនោះ បើរូបគាត់នៅចាំ គឺចាប់តាំងពីថ្ងៃទី២៣ មីនា ២០១៥ មកម្ល៉េះ រយៈពេលជាង១ឆ្នាំហើយ ។ រឿងដែលធ្វើឱ្យលោកឡុង ឈឿន ខ្វាយខ្វល់កាន់តែខ្លាំងនោះ គឺរឿងស្ត្រីភាគីខាងប្រពន្ធ មិនគោរពតាមកិច្ចសន្យា នៅភូមិ-ឃុំ បែរជាប្តឹងទៅតុលាការចេញដីកាកោះហៅឱ្យយរូបលោកចូលខ្លួន ដើម្បីបែងចែកកូន និងទ្រព្យសម្បត្តិជាថ្មី ។
រូបលោកសូមលើកដៃសំពះអង្វរដល់លោកតុលាការ កុំឱ្យកូនទាំង២នាក់បែកគ្នា ព្រោះកូនខ្ញុំទាំង២នាក់ស្រលាញ់គ្នាណាស់ ណាមួយមិនចង់ឱ្យទៅនៅជាមួយម្តាយវាទេ បើម្តាយចេះគិតអនាគតកូន មិនមែនដេញប្តី និងកូនចុះពីផ្ទះ ដោយគ្មានមូលហេតុនោះទេ ។ ខ្ញុំនិងកូនចុះមក យកតែមេគោ២ក្បាលប៉ុណ្ណោះ រីឯដីផ្ទះ លុយកាក់សុខចិត្តឱ្យទៅខាងប្រពន្ធទាំងអស់ ធ្វើម៉េចឱ្យតែកូនទាំង២ រស់នៅជួបជុំបងប្អូន ។