ខេត្តត្បូងឃ្មុំ ៖ តាមរយៈការឆាតហ្វេសប៊ុកបានធ្វើឲ្យស្ត្រីកូន២ម្នាក់រស់នៅភូមិ ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានលង់ខ្លួនជាមួយប្រុសក្មេងរហូតដល់ហៅមកដេករួមភេទជាមួយគ្នានៅ ក្នុងផ្ទះរបស់ខ្លួនជាច្រើនលើកច្រើនសារ ពេលដែលប្តីចេញទៅធ្វើការនៅខេត្តកំពង់ស្ពឺបាត់ ។ ដោយសារតែកត្តាបែបនេះហើយទើបប្តីរង់ចាំឃ្លាំមើល លុះនៅវេលាម៉ោង១២រំលងអាធ្រាត្យឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ក៏ចាប់បានប្រុសសហាយវ័យក្មេងនោះប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ប្រុសសហាយដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ជឿន វ៉ាន់រិន អាយុ២៨ឆ្នាំ នៅភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ រីឯស្ត្រីឈ្មោះ ស្រេង ស៊ាងលី អាយុ៣២ឆ្នាំ រស់នៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ក៏ត្រូវបានឃាត់ខ្លួនផងដែរ ដោយចោទប្រកាន់ពីបទសហាយស្មន់ ។
លោកវរសេនីយ៍ត្រី ឡុង សារិន ប្រាប់បន្តទៀតថា នាពេលកន្លងមក បុរសជាបី្តឈ្មោះ ឡន គឹមលាង អាយុ៤៣ឆ្នាំ បានចេញទៅធ្វើការងារនៅក្នុងខេត្តកំពង់ស្ពឺជាមួយនឹងជនជាតិចិន ដើម្បីបានប្រាក់កម្រៃមកដោះស្រាយជីវភាពគ្រួសារ ក្នុងរយៈពេល២ទៅ៣ខែបានមកលេងផ្ទះម្តងជួបជុំប្រពន្ធកូន ។ ក្នុងពេលដែលប្តីមិននៅផ្ទះស្រី្តឈ្មោះ ស៊ាងលី បានលេងហ្វេសប៊ុកដោយឧស្សាហ៍ចុចលេង និងអែតហ្វ្រែនក៏ប៉ះចំប្រុសក្មេងឈ្មោះ រិន ហើយតែងតែឆាតឆ្លើយឆ្លងគ្នាទៅវិញទៅមករហូតដល់ស្ត្រីនេះបានបើកចំហ បេះដូងចាប់ចិត្តស្រលាញ់ ដោយបាត់មុខមិនបាន ថែមទាំងបានហៅមកដេកផ្ទះរបស់ខ្លួនៅទន្លេបិទនៅពេលដែលប្តីមិន នៅផ្ទះទៀតផង ។ ដោយសារតែសកម្មភាពកើតឡើងញឹកញយពេក ក៏ត្រូវបានសាច់ញាតិខាងប្តីបានឃើញពីទង្វើមិនគប្បីនេះ ហើយបានទូរស័ព្ទប្រាប់ប្តីឲ្យបានដឹង ។ ទីបំផុតប្តីបានលួចមកផ្ទះដោយមិនឲ្យប្រពន្ធរបស់ខ្លួនដឹងដើម្បី រង់ចាំឃ្លាំមើលនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ពាក់កណ្តាលអាធ្រាត្រក៏ស្រាប់តែឃើញប្រុសកំណាន់ចិត្តដែល ត្រូវជាសហាយប្រពន្ធរបស់ខ្លួនបានមកចូលក្នុងផ្ទះរបស់ខ្លួន ក៏នាំគ្នាព័ទ្ធចាប់ជាប់តែម្តង ។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា ប្រុសសហាយដែលត្រូវបានចាប់ខ្លួននោះបានឆ្លើយសារភាពថា ធ្លាប់បានរួមភេទជាមួយស្រី្តខាងលើ៥ដងហើយ ។ ចំពោះទង្វើនេះ បុរសជាប្តីបានដាក់ពាក្យប្តឹងទាំងប្រពន្ធនិងសហាយ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ៕