ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចរកឃើញថ្នាំញៀនមួយកញ្ចប់ធំ ហើយត្រូវជននោះ ព្យាយាមបោះចោលបំបាត់ភស្ដុតាងនៅក្នុងស្មៅក្បែរផ្ទះ កាលពីថ្ងៃទី២១ កក្កដា ២០១៦ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះហ៊ុន កែវ អាយុ៤២ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។ ជននេះបានបោះថ្នាំញៀនចោលទៅក្នុងស្មៅព្រៃនៅខាងក្រោយផ្ទះ ខណៈឃើញកម្លាំងសមត្ថកិច្ចដែលជិះល្បាតពេលថ្ងៃ ។ ហើយត្រូវកម្លាំងមានការសង្ស័យ ក៏ចុះពិនិត្យឆែកឆេរ ទើបរកឃើញថ្នាំញៀនមួយកញ្ចប់ពណ៌ខៀវ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។
បន្ទាប់ពីត្រូវ ឃាត់ខ្លួនភ្លាមៗ ជនសង្ស័យបានសារភាពទទូលស្គាល់ថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនោះ គឺជារបស់ខ្លួន ។ ជននេះនិយាយថា ខ្លួនបានលក់ថ្នាំនោះអស់ខ្លះហើយ មុនពេលសមត្ថកិច្ចចុះមកដល់។ ប៉ុន្តែភ្លាមៗជននេះ មិនបាននិយាយប្រាប់អំពីប្រវត្តិនៃការរកស៊ីជួញដូរថ្នាំញៀននេះទេ ។
ដោយឡែក សមត្ថកិច្ចដែលតែងតាមឃ្លាំមើលសកម្មភាពជននេះ បានប្រាប់ថា ឈ្មោះហ៊ុន កែវ នេះ ជាមុខសញ្ញាយ៉ាងសកម្មបំផុត ក្នុងរបរជួញដូរថ្នាំញៀន តែជននេះហាក់មានសំណាងចៀសផុតពីសមត្ថកិច្ចរហូត ទើបលើកនេះជាប់អន្ទាក់សមត្ថកិច្ចលើកនេះ ។
លោកគឹម ពន្លក អធិការស្រុកកំរៀង បានបញ្ជាក់ដែរថា ជនសង្ស័យហាក់ដូចជាអង្គុយភ្លេចខ្លួននៅខាងមុខផ្ទះ លុះឃើញសមត្ថកិច្ចជិះម៉ូតូតម្រង់ចូលផ្ទះ ស្រាប់តែជននេះ ស្ទុះរត់ចូលក្នុងផ្ទះ ទៅយកថ្នាំញៀនបោះចោលក្រៅផ្ទះ ទើបត្រូវសមត្ថកិច្ចក្របួចជាប់តែម្ដង។
លោកអធិការបានបន្ថែមថា ពេលនេះ លោកស្នងការខេត្តបានបញ្ជាឱ្យសូរនាំ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។