ខេត្តតាកែវ ៖ កម្លាំងសមត្ថកិច្ចស្រុកទ្រាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងដួនកែវ ធ្វើការដេញចាប់បានចោរប្លន់បាន២នាក់កាលពីវេលាម៉ោង១១និង៣០នាទី ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងនៅស្រុក ទ្រាំង ។
តាមសម្តីរបស់លោក ឆាយ សាវុធ អធិការនគរបាលក្រុងដួនកែវ បានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងពីសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងនៅក្នុង ទឹកដីស្រុកទ្រាំង ហើយគោលដៅដែលជនសង្ស័យមកគឺក្រុងដូនកែវ កម្លាំងរបស់លោកបានធ្វើការទាក់ទងតាមអាយឌីរហូតឃើញមុខសញ្ញា ជនសង្ស័យ ក៏បានជិះរថយន្ត និងម៉ូតូដេញស្ទាក់ចាប់បានជនសង្ស័យបាន២នាក់ និងវត្ថុតាង នៅចំណុចជិតសាលាក្រុង ស្ថិតនៅក្នុងភូមិស្នោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
លោកអធិការបានបន្ថែមទៀតថា ក្រោយសួរចម្លើយបឋមនៅអធិការដ្ឋាននគរបាលក្រុង ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ ព្រំ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ២ សង្កាត់មិត្តភាព ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ និង ឈ្មោះ ញ៉ែម ស៊ឺ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាក្រឹត ស្រុកព្រៃឈរ ខេត្តកំពង់ចាប ។ ជនសង្ស័យទាំង២នាក់បានសារភាពថាទៀតថា ពួកគេពិតជាបានវាយប្លន់យកម៉ូតួពីជនរងគ្រោះពិតប្រាដតមែន ដោយពួកគេជិះម៉ួតូកៀរម៉ួតួជនរងគ្រោះឲ្យឈប់ រួចបានដាល់មួយដៃចំភ្នែកធ្វើឲ្យជនរងគ្រោះដួល បន្ទាប់មកពួកគេបានជិះម៉ូតូម្នាក់មួយចេញមកសំដៅទីរួមខេត្តតាកែវ ។
លោកអធិការបញ្ជាក់ថា ម្ចាស់ម៉ូតូជាជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធមានឈ្មោះ សែម សេងលី ជាប្តី អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ សុខ គឹមសេង អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បាននិយាយថា ពេលព្រឹកម៉ោងប្រហែលជា១០ និង៣០នាទី ប្រពន្ធរបស់គាត់ឈ្មោះ សុខ គឹមហេង បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៦ មិនទាន់មានស្លាកលេខ មកទិញម្ហូបនៅផ្សារ មិនទាន់ទាំងដល់ផ្សារផងក៏ត្រូវជនសង្ស័យទាំងពីរនាក់ជិះម៉ូតួមក កៀរគាត់ឲ្យឈប់ និងបានដាល់គាត់១ដៃចំភ្នែក ធ្វើឲ្យគាត់ដួល ទើបយកម៉ូតូគាត់ជិះមកទីរួមខេត្តតាកែវ ។ ក្រោយពេលជនសង្ស័យទាំង២នាក់នេះធ្វើសកម្មភាពរួច គាត់បានមកប្តឹងសមត្ថកិច្ចភ្លាមៗដើម្បីជួយអន្តរាគមន៍ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវកម្លាំងសមត្ថកិច្ចកំពុងកសាងសុំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការតាមនិតិ វីធី ៕