មន្ត្រីរដ្ឋបាលជលផលតូចតាចក្នុងខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តតាកែវ និងរាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងមួយថ្ងៃៗឈ្មួញនាំចូលត្រីរ៉ស់ ត្រីឆ្ដោ ត្រីអណ្ដែង ត្រីឆ្ពិន ពីស្រុកយួនចូលស្រុកខ្មែរប្រមាណ៣០០តោន។ ប្រភពបានឲ្យដឹងទៀតថា គ្រាន់តែនៅក្នុងរាជធានីភ្នំពេញ គឺក្នុងមួយថ្ងៃត្រូវចែកចាយត្រីដែលនាំចូលពីស្រុកយួនប្រមាណ៨០តោន ហើយត្រីទាំងនោះភាគច្រើនជាត្រីនាំចូលខុសច្បាប់ដោយពុំមាន ការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញឡើយ។ មេរដ្ឋបាលជលផលខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ និងរាជធានីភ្នំពេញ គឺជាអ្នកទទួលផលប្រយោជន៍ពីក្រុមឈ្មួញដែលនាំចូលត្រីខុសច្បាប់ពីស្រុកយួន ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
តាមការអះអាងរបស់មន្ត្រីរដ្ឋបាលជលផលក្នុងខេត្តកណ្ដាល បានឲ្យដឹងថាក្នុងមួយថ្ងៃៗមានឈ្មួញយួននិងឈ្មួញខ្មែរដឹកជញ្ជូន ត្រីឆ្លងកាត់ផ្លូវជាតិលេខ១ លេខ២ និងផ្លូវជាតិលេខ៣ ជាច្រើនរថយន្តដោយមានការឃុបឃិតជាមួយសមត្ថកិច្ចនៅច្រកព្រំដែន សមត្ថកិច្ចនៅតាមដងផ្លូវ និងមេរដ្ឋបាលជលផលដែលគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា បទបញ្ជារបស់ក្រសួងកសិកម្មក្នុងការទប់ស្កាត់បទល្មើសនាំចូលត្រីពី ប្រទេសយួន និងពីប្រទេសសៀម ពុំមានប្រសិទ្ធភាពទេព្រោះបច្ចុប្បន្នផលត្រីក្នុងបឹងទន្លេសាប មិនអាចផ្គត់ផ្គង់សេចក្ដីត្រូវការលើទីផ្សារស្រុកខ្មែរបានដូច កាលពីមុនទៀតឡើយ។ ហេតុនេះហើយទើបឈ្មួញអាចឃុបឃិតជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ច ពុករលួយជាប្រព័ន្ធនាំចូលត្រីប្រមាណ៣០០តោនក្នុងមួយថ្ងៃ។
មន្ត្រីរដ្ឋបាលជលផលឈរជើងនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ត្រូវបានគេដឹងថាកំពុងសប្បាយប្រមូលលុយពីឈ្មួញនាំចូលត្រីខុសច្បាប់ ពីស្រុកយួន ហើយសូម្បីតែត្រីចាបដែលច្បាប់ហាមឃាត់ក៏ឈ្មួញអាចដឹកជញ្ជូនមកលក់ តាមទីផ្សារក្នុងរាជធានីភ្នំពេញ និងតាមទីផ្សារនៃបណ្ដាខេត្តនានាផងដែរ។ បញ្ហានេះលោក អេង ជាសាន ដែលជាអគ្គនាយករដ្ឋបាលជលផល គួរពិនិត្យមើលខ្លះផងព្រោះបច្ចុប្បន្នឈ្មួញយួននិងឈ្មួញខ្មែរអាច នាំចូលត្រីខុសច្បាប់ពីស្រុកយួនតាមអំពើចិត្ត ហើយការបង់លុយទៅឲ្យសមត្ថកិច្ចពុករលួយ គឺផ្អែកទៅតាមប្រភេទត្រី ឬបរិមាណត្រី ដែលឈ្មួញដឹកជញ្ជូនពីច្រកព្រំដែននានាចូលមករាជធានីភ្នំពេញ។ អ្វីដែលលោក អេង ជាសាន ត្រូវត្រួតពិនិត្យឡើងវិញនោះ គឺមេរដ្ឋបាលជលផលខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ កំពុងត្រូវបានមន្ត្រីក្រោមឱវាទរិះគន់ថា កំពុងកាក់កបក្នុងការប្រមូលលុយពីឈ្មួញយួននិងឈ្មួញខ្មែរដែល ដឹកជញ្ជូនត្រីខុសច្បាប់មកចែកចាយក្នុងរាជធានីភ្នំពេញ៕