ខេត្តកំពង់ឆ្នាំង ៖ ឈើប្រណិតប្រភេទធ្នង់ កម្រាស់១តឹក មានមុខកាត់ពី៦០ ទៅ៨០ សង់ទីម៉ែត្រ និងមានបណ្តោយជាង២ម៉ែត្រ ចំនួន៧សន្លឹក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការចាប់ឃាត់នៅវេលាម៉ោង ៣និង៣០នាទី ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច ចង្កែងជ្រុំ ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលម្ចាស់ឈើប្រណិត ទាំងនោះ ដឹកតាមកាណូតទេសចរណ៍ ចេញពីស្រុកកំពង់លែង មកក្រុងកំពង់ឆ្នាំង។
លោក ជិន សុផាត នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា ម្ចាស់ឈើខុសច្បាប់ខាងលើនេះឈ្មោះ ជាម ទឿង អាយុ៤០ឆ្នាំ មានទីលំនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ជាម្ចាស់សិប្បកម្មគ្មានច្បាប់ មួយកន្លែងនៅភូមិឃុំខាងលើ ។ លោកបានបន្តថា មុនពេលមានការចាប់ឃាត់ការដឹកឈើប្រណិតខុសច្បាប់ ខាងលើនេះ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា មានការណូតទេសចរណ៍ មួយគ្រឿងបានដឹកឈើប្រណិត ពីស្រុកកំពង់លែងចូលមកក្រុងកំពង់ឆ្នាំងហើយកម្លាំង សមត្ថកិច្ចរបស់លោក បានស្ទាក់ចាប់បាននៅចំណុច ចង្កែងជ្រុំ ក្នុងភូមិកណ្តាល និងបានដឹកយកកាន់ស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿង ប្រគល់ជូនសមត្ថកិច្ច ជំនាញរដ្ឋបាលព្រៃឈើ ដើម្បីបន្តបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។
លោកនាយការិយាល័យរូបនោះនៅបានបន្តថា ពេលចាប់ភ្លាមៗ ម្ចាស់ឈើទាំងនោះបានយកឈ្មោះលោក ព្រះរាជអាជ្ញារងមួយរូប មកលាបថា ជាឈើរបស់លោកព្រះរាជអាជ្ញារងរូបនោះ តែពេល សួរទៅលោកព្រះរាជអាជ្ញារងរូបនោះថា ពុំមែនជាឈើរបស់គាត់ឡើយ គឺគេយកឈ្មោះគាត់ទៅប្រើ។ នៅចំពោះមុខសមត្ថកិច្ច បុរសជាម្ចាស់ឈើ បានប្រាប់ថា គាត់ដឹកឈើទាំងនោះមកច្រៀកធ្វើជញ្ជាំងទូ តែសមត្ថកិច្ចថា គ្រាន់តែពាក្យដោះសារ ប៉ុណ្ណោះ ព្រោះឈើមានតម្លៃថ្លៃបែបនេះបែរជាថា យកមកច្រៀកធ្វើជញ្ជាំងទូទៅវិញ៕