ខេត្តព្រះវិហារ ៖ ប្រធានស្នាក់ការសន្តិសុខផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋ៣នាក់ថា បានជំរិតទារប្រាក់ចំនួន៣ពាន់ដុល្លារ ខណៈពួកគាត់ដឹកក្តារងឿប្រភេទឈើគគីរចំនួន៣សន្លឹក និងថូផ្កា១គូ ប្រភេទឈើត្រសេក កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែកក្កដា ។
ស្រី្តចំណាស់ម្នាក់ឈ្មោះ គឹម អេង អាយុ៥០ឆ្នាំ រស់នៅភូមិអូរញូ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ តំណាងឲ្យអ្នករួមដំណើរ៣នាក់ទៀតជាម្ចាស់ឈើ និងជាម្ចាស់រថយន្ត បានស្រែកយំរៀបរាប់ប្រាប់អ្នកសារព័ត៌មាននៅមុខស្នាក់ការខណ្ឌ រដ្ឋបាលព្រៃឈើព្រះវិហារ ដោយចោទប្រកាន់ចំៗចំពោះប្រធានស្នាក់ការសន្តិសុខផ្លូវជាតិលេខ៩ លោក សុខ ធី ថាបានជំរិតទារលុយពីពួកគាត់ចំនួន៣ពាន់ដុល្លារ។
ការជំរិតទារលុយនេះ គឺខណៈពួកគាត់ដឹកក្តារងឿ តុបាយ ប្រភេទឈើគគីរ៣សន្លឹក និងថូផ្កា១គូ ប្រភេទឈើត្រសេក តាមរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងចំណុះ៨តោន ពាក់ស្លាកលេខ បាត់ដំបង 3A-1895 កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែកក្កដា ។ ដោយសារពួកគាត់ជាពលរដ្ឋសាមញ្ញភ័យខ្លាច ក៏បានសុំអង្វរករមន្ត្រីនគរបាលរូបនោះសម្រួលត្រឹម១.៥០០ដុល្លារ តែមន្ត្រីនគរបាលនោះបានឆ្លើយតបថា មិនព្រមទេ ទាល់តែ២.៥០០ដុល្លារ ហើយរហូតធ្លាក់តម្លៃដល់១.៥០០ដុល្លារ ទើបមន្ត្រីនគរបាលរូបនោះដោះលែងរថយន្តឲ្យវិញ ។
ស្រី្តចំណាស់ដដែលនិយាយថា ភ្លាមៗនោះពួកគាត់បានទូរស័ព្ទទៅបងប្អូននៅឯស្រុក ដើម្បីរកខ្ចីលុយគេវេរមកឲ្យមន្ត្រីនគរបាលរូបនេះ ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីនគរបាលរូបនេះថែមទាំងបានគំរាមពួកគាត់ថា បើមិនវេរលុយឲ្យមុនម៉ោង៧ព្រឹកទេ សមត្ថកិច្ចនឹងចាប់វ៉ៃខ្នោះបញ្ជូនពួកគាត់ទៅខេត្តបន្តទៀត។
ស្រីចំណាស់ដដែលបញ្ជាក់ថា ក្រោយពេលបែកធ្លាយរឿងជំរិតទារប្រាក់ពួកគាត់ដល់អ្នកសារព័ត៌មាន ភ្លាម មន្ត្រីនគរបាលរូបនេះក៏បានរាយការណ៍ទៅខាងរដ្ឋលព្រៃឈើឲ្យយកឈើ ទាំងនោះ និងម្ចាស់រថយន្តទៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី ។
ស្ត្រី ចំណាស់រូបនេះបន្ថែមថា ពួកគាត់ធ្វើដំណើរពីខេត្តបន្ទាយមានជ័យមកនេះ គឺក្នុងគោលបំណងឆ្ពោះមកកាន់រោងចក្រស្ករស ខេត្តព្រះវិហារ ដើម្បីទិញអំពៅទៅលក់នៅស្រុកកំណើត ។
លុះនៅពេលទៅដល់ភូមិពោធិ៍ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ឃើញតុបាយ គេដាក់នៅមុខផ្ទះក៏សួរនាំ និងសុំទិញតុបាយពីប្រជាជននៅទីនោះដែលគេប្រើប្រាស់រួចហើយ ដើម្បីដឹកយកទៅប្រើប្រាស់នៅឯស្រុកកំណើត មិនមែនជាការជួញដូរឈើនោះទេ គឺសម្រាប់យកទៅប្រើប្រាស់ក្នុងគ្រួសារសុទ្ធសាធ ។ ពាក់ព័ន្ធកនឹងារចោទប្រកាន់នេះ លោក សុខ ធី បានបំភ្លឺប្រាប់អ្នកយកព័ត៌មានថា លោកមិនពាក់ព័ន្ធនឹងការជំរិតទារប្រាក់នោះទេ តែបើអ្នកសារព័ត៌មានផ្សាយខុសមានភាពមិនប្រក្រតី លោកនឹងប្តឹងបកវិញ ។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ស៊ី គិរី ស្នងការននគរបាលខេត្ត ថ្លែងថា ជុំវិញការចោទប្រកាន់មន្ត្រីនគរបាលរបស់លោក គឺលោកសុំបដិសេធការចោទប្រកាន់ជំរិតទារប្រាក់ពីពលរដ្ឋនោះ ព្រោះអីខណៈពេលមន្ត្រីរបស់លោកឃាត់បានភ្លាម ក៏បានរាយការណ៍មកលោកភ្លាម ។ លោកឧត្តមសេនីយ៍ បានបន្តទៀតថា បើសិនជារកឃើញថាមន្ត្រីរបស់លោកមានកំហុសក្នុងការជំរិតទារប្រាក់ ពីប្រជាពលរដ្ឋមែននោះ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ពលរដ្ឋ៣នាក់ខាងលើមាន ១-ឈ្មោះ គឹម អេង ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិអូរញូ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ស៊ឹម ឆាយ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង៣-ឈ្មោះ បុង វណ្ណី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិគោកត្រប់ ស្រុកថ្មគោល ខេត្តបាត់ដំបង ទាំង៣នាក់ជាសាច់ញាតិនឹងគ្នា ។
ចំពោះបញ្ហានេះ ពួកគាត់បានសំណូមពរទៅសម្តេចតេជោជាទីគោរព សូមមេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់ផង ខណៈដែលមន្ត្រីនគរបាលខាងលើបានគំរាមពួកគាត់យកលុយ៣ពាន់ដុល្លារ ហាក់បីដូចជាពួកគាត់ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរអុីចឹង គ្រាន់តែដឹកតុបាយសម្រាប់ប្រើប្រាស់ក្នុងគ្រួសារតែប៉ុណ្ណោះ ។
ពួកគាត់ក៏សំណូមពរដល់មន្ត្រីជំនាញ ប្រគល់ឈើតុបាយ និងរថយន្តរបស់ពួកគាត់ដែលកំពុងរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាល ព្រៃឈើព្រះវិហារមកឲ្យពួកគាត់វិញផង ដើម្បីពួកគាត់បានបន្តដំណើរទៅរកស៊ីទៀត បើមិនដូច្នោះទេ ពួកគាត់នឹងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារជាក់ជាមិនខានឡើយ ៕