ខេត្តកំពង់ឆ្នាំង ៖ ក្រុមគ្រួសារស្ត្រីរងគ្រោះដែលបានស្លាប់ទាំងម្តាយនិងកូនក្នុង ផ្ទៃ ដោយសារការសម្រាលកូននៅមណ្ឌលសុខភាព ឃុំពង្រ ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ បានផ្ញើរូបថតប៉ុន្មានសន្លឹកមកសូមជួយចុះផ្សាយរកយុត្តិធម៌ ។
បុរសឈ្មោះ កយ ពេជដារ៉ា អាយុ៣៤ឆ្នាំ ជាប្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា ប្រពន្ឋគាត់មានឈ្មោះ ម៉ក់ ចន្ទ័ឌី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានរៀបរាប់ថា ប្រពន្ឋគាត់សម្រាលកូនស្លាប់នេះ ជាកូនទី២ហើយ កន្លងទៅប្រពន្ឋគាត់ក៏ធ្លាប់សម្រាលកូនទី១នៅមណ្ឌលសុខភាពពង្រ នេះដែរ តែមិនអី ។ នៅថ្ងៃកើតហេតុ គឺយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ប្រពន្ឋគាត់បានឈឺពោះសម្រាលកូន រូបគាត់រួមនិងក្រុមគ្រួសារបានដឹកប្រពន្ឋគាត់តាមកាណូត បាឡាស្មាច់ និងបន្តដឹកតាមម៉ូតូឌុប មកដល់មណ្ឌលសុខភាពឃុំពង្រ នៅវេលាម៉ោងជាង២យប់ ។ ពេលមកដល់ហៅគ្រួពេទ្យប្រហែល២០នាទីទើបបើកទ្វារឲ្យប្រពន្ឋខ្ញុំ ចូល និងបានឲ្យឡើងលើគ្រែសម្រាលកូន ដោយប្រាប់ថា ដល់ពេលត្រូវកើតហើយ និងបានឲ្យប្រពន្ធខ្ញុំប្រឹងបង្កើតដោយខ្លួនឯង តែមិនទាន់កើត ហើយដោយឃើញប្រពន្ធគាត់កាន់តែអស់កម្លាំង ក្រុមគ្រួសារគាត់បានសុំឲ្យលោកគ្រូពេទ្យជួយចាក់ថ្នាំកម្លាំងឲ្យ ពេទ្យក៏ចាក់ថ្នាំត្រគាកម្ខាង១ម្ជុល បន្ទាប់មកឃើញសភាពប្រពន្ធខ្ញុំកាន់តែមិនស្រួល ពេទ្យបានចាក់ថ្នាំនៅភ្លៅ១ម្ជុល ប្រពន្ធខ្ញុំកាន់តែមិនស្រួលខ្លាំង រូបគាត់ និងក្រុមគ្រួសារ បានអង្វរពេទ្យឲ្យបញ្ជូនប្រពន្ធគាត់មកមន្ទីរពេទ្យខេត្ត តែទម្រាំឡានពេទ្យទៅដល់ ប្រពន្ធគាត់ជ្រុលពេលទៅហើយ ពេលនោះគ្រួពេទ្យទៅយកខ្យល់អុកស៊ីសែន ក៏អត់ ទៅរកប្រដាប់សប់ខ្យល់ ក៏គ្មាន មានតែរបស់ក្មេង មកសប់មិនចូលទៀត ។ ពេលឡានពេទ្យខេត្តមកដល់ ដាក់ខ្យល់អុកស៊ីសែន និងដាក់សេរ៉ូមដែរ តែមិនចូល លុះពេលមកដល់ពេទ្យខេត្ត គ្រួពេទ្យដកសេរ៉ូម និងខ្យល់អុកស៊ីសែនចេញ និងធ្វើចលនាជួយសង្គ្រោះ បន្តិចមកក៏ប្រាប់ថា មិនអាចជួយបានទេ យកធ្វើបុណ្យធ្វើទានទៅ ។
ប្តីស្ត្រីរងគ្រោះបន្តទៀតថា ចំពោះគាត់ជាប្តីមិនបញ្ចប់ត្រឹមហ្នឹងទេ សូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់គ្រួសារគាត់ផង ។ដោយឡែក បុរសឈ្មោះ ឈឹម គឿន ដែលត្រូវជាឪពុកស្ត្រីរងគ្រោះ បាននិយាយដែរថា ចំណុច ទី១-លោកចង់បានយុត្តិធម៌ ដែរ កុំឲ្យរឿងហ្នឹងវាកើតឡើងទៀត ទី២-ជីវិតមនុស្ស២នាក់ មិនមែនស្លាប់ទទេបែបនេះទេ នេះជាកំហុសគ្រូពេទ្យ ព្រោះពេលទៅដល់ហើយ ម៉េចមិនប្រឹងរាក់ទាក់ គិតតែរឿងប្រាក់ មិនប្រឹងព្យាបាលសិន ហើយបើគ្មានលទ្ធភាព ម៉េចមិនប្រញ៉ាប់បញ្ជូនមកមន្ទីរពេទ្យខេត្ត ហើយបើបញ្ជូនមិនទាន់ ម៉េចមិនមានឧបករណ៍សង្គ្រោះ ដូចជាខ្យល់អុកស៊ីសែនជាដើម ហេតុនេះសូមឲ្យក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌ឲ្យផង ។
ជុំវិញករណីនេះ លោក ជូ សុភុត ជាប្រធានមណ្ឌលសុខភាពឃុំពង្រ បានស្រងសំដី គ្រូពេទ្យប្រចាំការថា ថ្ងៃនោះអ្នកប្រចាំការមានតែ២នាក់ទេ ។ ពេលអ្នជម្ងឺមកដល់នោះ ការធ្វើដំណើរវាឆ្ងាយ មានដាក់បាឡា ដាក់ម៉ូតូឌុបជាដើម ហើយពេលដាក់ម៉ូតូវារលាក់ៗធ្វើឲ្យស្ត្រីមានផ្ទៃពោះមានបញ្ហា ពោះវាតឹង និងពេលមកដល់មណ្ឌលសុខភាពគឺនៅម៉ោង៣ និង៣០នាទីទៀបភ្លឺ គ្រូពេទ្យបានធ្វើការវាស់សំពាធឈាម មើលមាត់ស្បូន តាមជំនាញរបស់គ្រួពេទ្យ ពេលនោះដែរស្ត្រីឈឺពោះចេះតែស្រែក គាត់ថា អស់កម្លាំង ទាមទារឲ្យបុគ្គលិកពេទ្យចាក់ថ្នាំកម្លាំងឲ្យ ពេលនោះពេទ្យបានចាក់ថ្នាំ២ម្ជុលឲ្យ គឺចាក់វីតាមីន B12 (បេឌូ) និងវីតាមីន C ចាក់ចូលត្រគាកសងខាង ។ ក្រោយមកទៀត ស្ត្រីរងគ្រោះមានសភាពមិនធម្មតា បុគ្គលិកក៏បូមថ្នាំចាក់មកចាក់១ម្ជុលទៀត ជាថ្នាំបើកស្បូន តែចាក់ពាក់កណ្តាលទេ ទុកពាក់កណា្តល ។ ពេលឃើញស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងក៏ហៅឡានពេទ្យ ប៉ុន្តែការជួយដូចជាអត់ប្រសិទ្ធភាព ព្រោះស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរហើយ ចំណែកឯការដាក់សេរ៉ូមមិនមែនមិនចូលទេ គឺចូល ទាស់តែយើងមិនបានដាក់ពីដំបូង ។ ចំណែកការជួយសង្គ្រោះទៀត ចៃដន្យយើងអត់អុកស៊ីសែនន ព្រោះអ្នកប្រើមុនអស់ យកមកដាក់មិនបានពិនិត្យមើល នេះជាចៃដន្យមួយសម្រាប់បទពិសោធន៍ទៅថ្ងៃក្រោយ ។
ទោះជាយ៉ាងណាក្តី គ្រួសាររងគ្រោះនៅតែទទូចសុំឲ្យមន្ត្រីជំនាញជួយរកយុត្តិធម៌ជូន គ្រួសារគាត់ផង ព្រោះមម្តាយនិងកូន ស្លាប់យ៉ាងអាណោចអាធ័មបែបនេះ មិនសមស្លាប់ដោយទទេនោះឡើយ ៕