រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានពឹងពាក់អ្នកធ្លាប់ស្គាល់គ្នាឲ្យជួយជូនទៅមើល ម្តាយមីងឈឺសម្រាកក្នុងមន្ទីពេទ្យដោយជិះម៉ូតូរបស់គាត់ឌុបគ្នា ទៅ ខណៈទៅដល់ពាក់កណ្តាលផ្លូវគាត់បានចុះទិញបបរ ស្រាប់តែបុរសខាងលើបានជិះម៉ូតូគាត់ទៅបាត់តែម្តង ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤ និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅផ្លូវលេខ២៧១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ស្ត្រីរងគ្រោះឈ្មោះ គ្រី សុផានី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យដែលឆកបោកយកម៉ូតូទៅនោះត្រូវបានស្ត្រីរងគ្រោះ ប្រាប់ថា ឈ្មោះ ផល្លី អាយុជាង៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣៦ ផ្លូវលេខ៥៩៧ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
តាមសំដីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់បានពឹកពាក់ជនសង្ស័យខាងលើដោយយកម៉ូតូរបស់គាត់ (ម៉ូតូស្ត្រីរងគ្រោះ) ម៉ាកវ៉េវ អាល់ហ្វា ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BE-9969 ឌុបគាត់ទៅមើលម្តាយមីងដែលកំពុងឈឺសម្រាកក្នុងមន្ទីពេទ្យ ខណៈឌុបមកដល់ចំណុចខាងលើ គាត់បានចុះពីលើម៉ូតូទៅទិញបបរ ពេលនេះជនសង្ស័យបានប្រាប់ថា ទៅទិញបារីមួយភ្លែត ហើយក៏ជិះម៉ូតូគាត់ទៅបាត់រហូតតែម្តង ។
ប្រភពបានប្រាប់ទៀតថា តាមពិតគាត់ធ្លាប់ស្គាល់បុរសខាងលើតែងតែមករត់ម៉ូតូឈប់ចាំម៉ូយនៅ មុខផ្ទះគាត់រាល់ថ្ងៃ ទើបគាត់ស្គាល់ ហើយនៅល្ងាចខាងលើដោយសារពេលល្ងាចគាត់មិនចង់ជិះម៉ូតូទៅពេទ្យ ខ្លួនឯង ទើបពឹងឲ្យបុរសខាងលើជូនទៅ ហើយក៏មិននឹកស្មានថា បុរសខាងលើហា៑នបោកម៉ូតូរបស់គាត់ទេ ។
នៅល្ងាចថ្ងៃដដែល ស្ត្រីរងគ្រោះបានមកកាន់ប៉ុស្តិ៍នគរបាករដ្ឋបាលទឹកថ្លា ដើម្បីដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវ ចាប់ខ្លួនជនសង្ស័យខាងលើយកមកដាក់ទោសតាមច្បាប់ ៕