ខេត្តត្បូងឃ្មុំ ៖ អ្នកនេសាទម្នាក់បានចេញទៅអូសខ្ចៅតាមដងទន្លេមេគង្គសម្រាប់យកមក លក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្រាប់តែប្រទះកេសធំមួយ ភ្លាមៗនោះមានការត្រេកអរយ៉ាងខ្លាំងព្រោះនឹកស្មានតែកំណប់ លុះពេលបើកមើលឃើញសុទ្ធតែគ្រាប់ ។ ហេតុការណ៍នេះបង្កឲ្យភាពការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ រួចក៏ប្រញាប់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំជីរោ ទិ៍ទី១ ស្រុកត្បូងឃ្មុំ រង់ចាំមន្ត្រីអង្គការស៊ីម៉ាកមកពិនិត្យ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងថាបុរសដែលប្រទះកេសគ្រាប់នេះឈ្មោះ សេន ស្លេះ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិព្រែកតូច ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ បានចេញទូកម៉ាស៊ីនពីផ្ទះដោយបានប្រើអួនអូសរកខ្ចៅនៅបាតទន្លេ ត្រង់ចំនុចភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដូចសព្វមួយដង នាល្ងាចថ្ងៃខាងលើស្រាប់តែអូសទៅតឹងខុសពីធម្មតាលុះពេលដែលលើក ឡើងប្រទះឃើញកេះដែក១ ដំបូងត្រេកអរនឹកស្មានតែកំណប់ដែលគេលាក់ទុកនៅបាតទន្លេ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់បន្តថា ក្រោយពីបានឃើញសភាពបែបនេះក៏បានយកមកផ្ទះ សង្ស័យមិនស្រួលក៏បានប្រគល់ឲ្យទៅលោកមេភូមិ និងប្រគល់បន្តឲ្យមកប៉ុស្តិ៍រដ្ឋបាលឃុំជីរោទិ៍ទី១ទាំងយប់ លុះពេលដែលសមត្ថកិច្ចបានបើកមើលដោយមានការប្រុងប្រយ័ត្នក៏ឃើញ ក្នុងកេះដែកនោះសុទ្ធតែជាគ្រាប់បែកផ្លែទឹកដោះ ដែលផលិតនៅសហរដ្ឋអាមេរិក ។ បើនិយាយពីគុណភាពវិញ នៅសល់ប្រហែលពី៧០%ទៅ៨០%ត្រូវបានរក្សាទុកនៅប៉ុស្តិ៍ជា បណ្តោះអាសន្ន បន្ទាប់មកប្រញាប់រាយការណ៍ទៅលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តដើម្បីឲ្យជំនាញអង្គការស៊ីម៉ាកចុះមកពិនិត្យ និងមានវិធានការបែបណាបន្តទៀត ៕