ភ្នំពេញ៖ កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ប្រមាណជិត ២.០០០នាក់ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងពិធីដង្ហែសពលោកបណ្ឌិតកែម ឡី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ចេញពីវត្តពោធិ៍យារាម ហៅវត្តចាស់ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ឆ្ពោះទៅកាន់ភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវខេត្តតាកែវ។
ការដាក់ពង្រាយកម្លាំងអាជ្ញាធរមាន សមត្ថកិច្ច ដ៏ច្រើនបែបនេះ ដោយយោងទៅលើអ្វី ដែលរដ្ឋបាលរាជធានីភ្នំពេញព្យាករណ៍ថា ពួកអមិត្តអាចបង្កចលាចល ក្នុងពេលហែសព លោកបណ្ឌិត កែម ឡី ទៅស្រុកកំណើតនៅខត្តតាកែវ។
បើតាមផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសព លោកបណ្ឌិត កែម ឡី រដ្ឋបាលរាជធានីភ្នំពេញ បានព្យាករណ៍ថា ពិធីដង្ហែសព លោកបណ្ឌិត កែម ឡី អាចសន្និដ្ឋាន និងវាយតម្លៃ អំពីសភាពការណ៍ សន្តិសុខដែលអាចកើតឡើង ដូចខាងក្រោមៈ
“ ពួកអមិត្ត និងអង្គការសង្គមស៊ីវិលមួយចំនួន អាចធ្វើសកម្មភាពបំពុលបរិយាកាសសង្គមតាមរយៈការឃោសនាសង្គ្រាមចិត្ត សាស្ត្រ លើកបដា បាចខិតប័ណ្ណអនាមិក ស្រែកឃោសនស័ព្ទ បំផុសញុះញង់ប្រជាពលរដ្ឋ អោយមានការជ្រួលច្របល់ សំដៅបង្កចលាចលក្នុងពេលដង្ហែសព។ ពួកជ្រុលនិយម ដែលមាននិន្នាការបក្សប្រឆាំង អាចជ្រៀតចូលក្នុងក្បួនដង្ហែបង្កសកម្មភាពផ្សេងៗ ដូចជា ដាក់គ្រឿងផ្ទុះ ឬប្រើអាវុធបាញ់ចូលក្បួនដង្ហែ បង្កអោយមានអសន្តិសុខ សណ្តាប់ធ្នាប់សង្គមដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ សភាពការណ៍សណ្តាប់ធ្នាប់សាធារណៈ អាចនឹងកើតឡើងស្មុគស្មាញជុំវិញការកកស្ទះចរាចរណ៍ តាមទីប្រជុំជនដូចជាៈ ទីផ្សារ រោងចក្រ សហគ្រាស ...។ល។ ពិសេសតាមដងផ្លូវសំខាន់ៗដែលក្បួនដង្ហែឆ្លងកាត់”។
កម្លាំង អាជ្ញាធរមានសមត្ថកិច្ចដែលប្រើប្រាស់សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងពិធីដង្ហែសពលោកបណ្ឌិតកែម ឡី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ មានចំនួន ១៦៦០នាក់ ក្នុងនោះកម្លាំងនគរបាលមានចំនួន ១៤៥០នាក់ និងកម្លាំងអាវុធហត្ថចំនួន ២១០នាក់។
ការដង្ហែសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី២៤ ខែកក្កដា នេះ ដោយចាប់ចេញដំណើរពីវត្តពោធិ៍យារាម(ហៅវត្តចាស់)នៅវេលាម៉ោង០៧:០០ នាទីព្រឹកដោយប្រើរថយន្តនិងម៉ូតូ រួចចាប់ចេញដំណើរតាមផ្លូវជាតិលេខ៦ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនរួចបន្តដំណើរតាមមហាវិថី ព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅរង្វង់មូលចោមចៅរួចបន្តដំណើរតាម ផ្លូវជាតិលេខ៣ ដើម្បីយកទៅបញ្ចុះនៅក្នុងខេត្តតាកែវ ដោយមិនមានការដង្ហែសពតាម ថ្មើរជើងឡើយ។
សំរាប់ការដង្ហែសព លោកបណ្ឌិត កែម ឡី រដ្ឋបាលរាជធានីភ្នំពេញបានជួយរថយន្តសង្គ្រោះចំនួន២គ្រឿង ម៉ូតូក្បួនប៉ូលិសនាំមុខមួយគ្រឿង និងការជួយឧបត្ថមស្លាកសំគាល់រថយន្តសម្រាប់ហែរក្បួនផងដែរ។
តំណាងគ្រួសារសព បានលើកឡើងអំពីមហាជនដែលបានចូលរួម ដែលអ្នករៀបចំកម្មវិធី នឹងត្រូវរៀបជាផែនៗ ចំនួន១០ផែន គឺជាផែនសម្រាប់ក្រុមគ្រួសារសព ឥស្សរៈជន មហាជន និងយុវជនជាដើម ។
លោក នឿន ចាន់នី បងថ្លៃសព បានស្នើសុំឱ្យអាជ្ញាធរ សមត្ថកិច្ចខិតខំជួយការពារឱ្យបានខ្លាំងក្លាក្នុងការដង្ហែសពនេះ ព្រោះមានការចូលរួមពីប្រជាពលរដ្ឋចម្រុះហើយមិនដឹងថា អ្នកណាខ្លះមានបំណងបែបណាទេ ក្នុងនាមគ្រួសារនៃសពសូមថ្លែងអំណរគុណ អភិបាលរាជធានីភ្នំពេញ ដែលបានអនុញ្ញាតតាមតម្រាយផ្លូវដែលបានស្នើសុំនិងស្នើសុំឱ្យមាន រថយន្តពេទ្យតាមក្បួនដង្ហែដើម្បីងាយស្រួលក្នុងការសង្គ្រោះ។
ជុំវិញការហែរសពលោកបណ្ឌិត កែម ឡី ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ទោះបីជាការដង្ហែក្បួនមានលក្ខណៈជាអហិង្សាក៏ដោយ ប៉ុន្តែការប្រមូលផ្តុំគ្នាដោយហ្វូងមនុស្សច្រើនដូចនេះ អាចនឹងមានការប៉ះទង្គិចគ្នាបាន។ ស្ថានទូតបានអំពាវនាវឲ្យពលរដ្ឋខ្លួននៅកម្ពុជា មានការប្រុងប្រយ័ត្នជានិច្ច នៅកន្លែងដែលមានការប្រមូលផ្តុំហើយប្រញាប់ចាកចេញពីកន្លែងកើតហេតុ ប្រសិនបើមានការប៉ះទង្គិចគ្នា”។
ស្ថានទូតអង់គ្លេសបានណែនាំ ពលរដ្ឋរបស់ខ្លួន ពន្យារពេល ឬកុំឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកស្អែកនេះ ព្រោះថាក្បួនដង្ហែសពលោក កែម ឡី នឹងត្រូវឆ្លងកាត់។ ក្រៅពីនេះ ស្ថានទូតអង់គ្លេសក៏បានលើកឡើងពីការព្រួយបារម្ភនៃជម្លោះនយោបាយ ដែលកំពុងឡើងកម្តៅនៅកម្ពុជានឹងបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យជៀស ឆ្ងាយពីការជួបជុំ ដែលមានមនុស្សម្នាច្រើនបែបនេះ។
លោក បណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តារម៉ាតស្ថានីយ៍ប្រេងឥន្ធនៈ កាល់តិចស្តុបបូកគោកាលពីវេលាម៉ោងជិត៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕