ខេត្តស្ទឹងត្រែង ៖ យោងតាមការបញ្ជាក់ពីអាជ្ញាធរឃុំស្រែគរ ស្រុកសេសានថា ប្រជាពលរដ្ឋជាក្រុមបានចាប់ដកហូតម៉ាស៊ីនត្រង់សឺន័រចំនួន៣គ្រឿង ពីប្រជាពលរដ្ឋដូចគ្នារស់នៅភូមិច្រប់ឃុំក្បាលរមាស ស្រុកសេសាន ដុតបំផ្លាញចោលកាលពី ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នា២០១៦ នៅក្នុងភូមិឃុំស្រែគរ។ លោក ថាយ ស៊ុនអ៊ី មេប៉ុស្តិ៍ឃុំស្រែគរ ស្រុកសេសាន បានប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះថា ប្រជាពលរដ្ឋនៅក្នុងឃុំបាននាំគ្នាទៅចាប់ដកហូតម៉ាស៊ីនត្រង់សឺន័ រចំនួន៣គ្រឿងនាំមកភូមិហើយដុតបំផ្លាញចោល ដោយពុំមានការឯកភាពជាមួយសមត្ថកិច្ច និងអាជ្ញាធរនោះឡើយ បានត្រឹមប្រាប់ថាពួកខ្លួននឹងដុតម៉ាស៊ីនអារឈើចោល ពួកគេក៏ដុតតែម្តង។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នា២០១៦ ប្រជាសហគមន៍ការពារឈើនៅឃុំស្រែគរបាននាំគ្នាចុះចាប់ម៉ាស៊ីន ត្រង់សឺន័រចំនួន៣គ្រឿង ដែលកំពុងលួចចូលអាឈើក្នុងដែនការពាររបស់សហគន៍ បន្ទាប់មកក៏នាំមកភូមិលុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ពួកគេបានពិភាក្សា និងចងក្រងឯកសារជាក្រុមរួមមានការដឹងឮពីអាជ្ញាធរឃុំ លុះក្រោយមកនៅល្ងាចថ្ងៃដដែល ពួកគេបានសម្រេចផុតបំផ្លាញចោលដោយមិនប្រគល់ឲ្យជំនាញរដ្ឋបាល ព្រៃឈើនោះឡើយ។ ទាក់ទិនករណីខាងលើលោក សៀក មេគង្គ មេឃុំស្រែគរបានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែកក្កដានេះដែរថា ប្រជាពលរដ្ឋខាងលើមិនមែនជាសហគមន៍ទទួលស្គាល់អង្គការណាមួយនោះឡើយ ពួកគេគ្រាន់តែជាប្រជាពលរដ្ឋធម្មតាដែលតែងចូលរួមសិក្ខាសិលាជា ញឹកញាប់ដឹងច្បាប់បន្តិចបន្តួចយកសិទ្ធផ្ទាល់ខ្លួនទៅប្រើប្រាស់ និងបង្កើតជាក្រុមដូចជាក្រសោមសហគមន៍យ៉ាងដូច្នោះដែរ។
លោកមេឃុំបានបន្តថា បន្ទាប់ពីពួកគេចាប់ដកហូតម៉ាស៊ីនត្រង់សឺន័រចំនួន៣គ្រឿងនោះ ពួកគេបានមកប្រាប់ដល់លោកព្រមទាំងបានធ្វើឯកសារកំណត់ហេតុរួមគ្នា ផងដែរ។ បន្ទាប់មកលោកបានពន្យល់អំពីច្បាប់ទៅកាន់ពួកគាត់ថានឹងត្រូវ ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើថែរក្សាទុក យើងមិនអាចធ្វើអ្វីខុសពីនេះបានទេ តែពួកគាត់មិនព្រមស្តាប់តាមការណែរនាំនោះឡើយ ផ្ទុយទៅវិញពួកគាត់បានសម្រចទាំងកម្រោលត្រូវតែកម្ទេចចោល។ លោកមេឃុំបានបញ្ជាក់បន្ថែមថា នៅតំបន់ដែលប្រជាពលរដ្ឋចូលទៅអារឈើនោះជាតំបន់លិចទឹកស្ថិតនៅអាង ទំនប់វារីអគ្គិសនី ហើយទីនោះជាតំបន់បោះបង់ចោល និងមិនមានឈើធំនោះដែរ ហើយពួកគាត់ចូលទៅអារនោះជាប្រភេទឈើលេខ២ គ្រាន់តែអារជាសសរផ្ទះប៉ុណ្ណោះ៕