ខេត្តសៀមរាប ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន មិនបានប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃ ដឹកឪឡឹកពីក្រោយ ដែលទុកចតនៅស្ងៀម បណ្ដាលឱ្យស្លាប់បន្ទាប់ពីបានបញ្ជូនយកទៅសង្គ្រោះដល់នៅ មន្ទីរពេទ្យ ក្នុងឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប។ ហេតុការគ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើដងផ្លូវក្រាលកៅស៊ូ ក្នុងភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដានេះ ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយគោយន្តកន្ត្រៃដឹកឪឡឹកលក់ បើកបរដោយឈ្មោះ រឿន អ៊ាក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពេង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបានឈប់ ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ ហើយត្រូវបានអ្នកបើកបរម៉ូតូសេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកស្របទិសគ្នា មកពីក្រោយបុកពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ រហូតដល់ស្លាប់ បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ ឃុំសសរស្តម្ភ។
លោកបន្តថា សាកសពជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ រុន សាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើតនៅ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ។ លោកអធិការនគរបាលស្រុកបានបន្តទៀតថា ម្ចាស់គោយន្តកន្ត្រៃនៅពេលកើតហេតុបានបើករត់គេចខ្លួនបានចម្ងាយ ប្រហែល១៥គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំក្តីរុន ស្រុកពួក ទើបកម្លាំងនគរបាលយើងធ្វើការឃាត់ខ្លួនបាន និងបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនីតិវិធី។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុម គ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត។ រីឯគោយន្តកន្ត្រៃ និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកពួក ខេត្តសៀមរាប ដើម្បីទុកដោះស្រាយទៅតាមផ្លូវច្បាប់៕