ខេត្តមណ្ឌលគិរី៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ខ្វើង ខត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិព្នង មានទីលំនៅ ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលបានប្ដឹងមកដល់សមត្ថកិច្ចអំពីករណី រុះផ្ទះ ស្នាក់នៅរបស់ពួកគាត់ទំហំ ៤គុណ ៥មែត្រ ធ្វើពីឈើប្រក់ ស័ង្កសី ដោយបំពានពេលគាត់មិននៅផ្ទះ។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ក្រោយទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុង សែនមនោរម្យបានចុះធ្វើការស្រាវជ្រាវ និង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
ជនសង្ស័យទាំង៤ នាក់រួមមាន ១.ឈ្មោះ ផុន ណារី ភេទស្រី អាយុ៥១ឆ្នាំ មុខរបរ ចងការប្រាក់ ២.ឈ្មោះ ប្រុស វន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ ៣.ឈ្មោះ សុខ អាត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ ៤.ឈ្មោះ មាស សៅ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករជនសង្ស័យទាំង៤នាក់នេះ មានទីលំនៅរស់នៅភូមិឃុំកើត ហេតុខាងលើ។
ក្នុងពេលសួរចម្លើយជនសង្ស័យទាំង៤នាក់បានសារភាពថា ពិតជាបានរុះផ្ទះឈ្មោះ ខ្វើង ខត ប្រាកដមែន ដោយសារជំពាក់ប្រាក់មិនសង។ ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕