ខេត្តស្ទឹងត្រែង ៖ សាច់ព្រៃស្រស់ជាង៧គីឡូក្រាម និងសត្វរស់មួយចំនួនត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបការជួញដូរ សត្វព្រៃរបស់រដ្ឋបាលព្រៃឈើ រួមសហការណ៍ជាមួយជំនាញរដ្ឋបាលព្រៃឈើខេត្ត ធ្វើការបង្ក្រាប និងដកហូត ហើយបានកសាងសំណុំរឿងតាមតាមនីតិវិធី កាលពីថ្ងៃទី១៣ កក្កដា ២០១៦ នៅក្រុងស្ទឹងត្រែង។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា ដោយមានការអង្កេតពីជំនាញរដ្ឋបាលព្រៃឈើស្តីពីការទិញលក់សាច់សត្វ ព្រៃស្រស់ និងរស់ កម្លាំងអន្តរាគមន៍បង្ក្រាបការជួញដូរសត្វព្រៃរបស់រដ្ឋបាលព្រៃឈើរួម ជាមួយជំនាញខេត្ត បានចុះរឹបអូសសាច់ព្រៃស្រស់ និងរស់ដែលអាជីវករកំពុងដាក់លក់នៅលើទីផ្សារនាំមកខណ្ឌរដ្ឋបាល ព្រៃឈើ ដើម្បីធ្វើកិច្ចសន្យា និងអប់រំបង់ផាកពិន័យអន្តរកាលទៅតាមច្បាប់រដ្ឋបាលព្រៃឈើ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ស្ថិតក្នុងការចុះអនុវត្តច្បាប់នោះមានបីករណីផ្សេងពីគ្នា ក្នុងនោះករណីទី១ជំនាញបានរឹបអូសសាច់ព្រៃស្រស់មួយចំនួននៅលើ ផ្សារដែលពុំមានម្ចាស់(ម្ចាស់រត់គេចខ្លួន) ករណីទី២ បង្ក្រាប់លើទីតាំងលក់ដែលរឹបអូសបានសាច់ស្រស់មួយចំនួនឃាត់ខ្លួន អ្នកលក់ម្នាក់ធ្វើការអប់រំ ផាកពិន័យដោយសារតែការទិញលក់របស់គាត់មានចំនួនតិចតួចនិងករណីទី៣ ជំនាញស្ទាក់ឃាត់ម៉ូតូមួយគ្រឿងដឹកសត្វព្រៃរស់ និងសាច់ស្រស់ ហើយម្ចាស់បានរត់គេចខ្លួនគ្រានោះដែរ។ ប្រភពព័ត៌មានឲ្យដឹងថា ខណៈពេលជំនាញរួមមានអន្តរាគមន៍ដោយកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស ផងនោះ គេបានឃើញអ្នកលក់សាច់ព្រៃស្រស់ និងសត្វរស់បានប្រញាប់ប្រញាល់វេចខ្ចប់ និងយកសាច់ព្រៃស្រស់ និងរស់រត់កាត់ផ្សារយ៉ាងប្រសាច តែជំនាញឃាត់ខ្លួនបានស្ត្រីម្នាក់រួមនឹងសាច់ព្រៃស្រស់ បន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយការបង្ក្រាបអាជីវកម្មទិញលក់សាច់សត្វព្រៃស្រស់ និងរស់លើទីផ្សារមក ផ្នែកជំនាញបាននាំមកខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីមានចំណាត់ការ។ ជាក់ស្តែងសាច់ព្រៃស្រស់ដែលដកហូតបានរួមមានសាច់ឈ្លូសចំនួន៦,៥ គីឡូក្រាម សាច់ប្រមា៥,៥គីឡូក្រាម ក្រពះប្រមាក្រៀមចំនួន៤ និងសត្វត្រកួតរស់ចំនួនពីរក្បាល ក្រៅពីដកហូតសាច់ព្រៃស្រស់ និងរស់ ផ្នែកជំនាញបានដកហូតម៉ូតូម៉ាហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ អត់ស្លាក់លេខមួយគ្រឿងទៀត។
ជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងឲ្យដឹងថា បន្ទាប់ពីជំនាញបានធ្វើការបង្ក្រាប និងដកហូតវត្ថុតាង ត្រូវបានកសាងសំណុំរឿងរួចមក មានការសម្របសម្រួលពីថ្នាក់លើផងនោះជំនាញបានសម្រចថាសាច់សត្វព្រៃ ស្រស់ដែលដកហូតបានត្រូវយកទៅកប់ចោល និងសត្វត្រកួតរស់ ផ្នែកជំនាញបាននាំយកទៅប្រលែងចូលព្រៃវិញផងដែរ៕