មេក្លោងដែលជាអតីតយោធាបានភៀសខ្លួនទៅក្រៅប្រទេសបន្ទាប់មានការប្រកាសចាប់ខ្លួន

25-July-2016 | ដោយ មែន កំសត់

 

 

មេក្លោងដែលជាអតីតយោធា ប្រកាសធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល បានរត់គេចខ្លួន ចេញទៅក្រៅប្រទស បាត់ហើយ បន្ទាប់ពីបានប្រកាស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ននានា ត្រៀមខ្លួនចូលរួមផ្តួលរំលំ រាជរដ្ឋាភិបាល។

ប្រភពច្បាស់ការណ៍ បានឲ្យដឹងថា មេក្លោងដែលប្រកាស អំពីផែនការផ្តួលរំលំ រាជរដ្ឋាភិបាល បានប្រើឈ្មោះ ៣ គឺ៖ ឈ្មោះ សោម វ៉ាន់ឌឿន, ស៊ិន សុវណ្ណារ៉ា និងឈ្មោះ សោម សុវណ្ណារ៉ា ជាអតីតទាហាន កងពលអន្តរាគមន៍លេខ៣។ ឈ្មោះដែលប្រើផ្លូវការ គឺសោម សុវណ្ណារ៉ា។ ហើយមេក្លោងរូបនោះ គឺជាសមាជិក នៅក្នុងរណសិរ្សរំដោះជាតិខ្មែរ ដែលមានមូលដ្ឋាន នៅក្រៅប្រទេស។ ហើយនាពេលកន្លងមក គណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្ម គឺតែងតែឃើញមានវត្តមាន ឈ្មោះ សោម សុវណ្ណារ៉ា ចូលរួម។ ហើយមេក្លោងរូបនេះ ធ្លាប់បានទំនាក់ទំនង ជាមួយសមាជិកគណបក្សប្រឆាំង មួយចំនួនផងដែរ គឺរាល់ពេលធ្វើបាតុកម្មរបស់ គណបក្សសង្គ្រោះជាតិ កន្លងមក គេតែងតែណាត់ជួបគ្នា ដើម្បីរៀបបចំផែនការ។

ពាក់ព័ន្ធករណីនេះ តុលាការ បានចេញដីកាបញ្ជាឲ្យ ឈ្មោះ សោម សុវណ្ណារ៉ា ចូលខ្លួន ដើម្បីឆ្លើយបំភ្លឺ ពាក់ព័ន្ធការអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ននានា ត្រៀមខ្លួនចូលរួមផ្តួលរំលំ រាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ។

សមត្ថកិច្ចជំនាញ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានបញ្ជូនសំណុំរឿង ជនប្រកាសផ្តួលរំលំ រដ្ឋាភិបាល ទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីឲ្យតុលាការ ចាត់វិធានតាមនីតិវិធី។ ហើយបន្ទាប់ពីទទួលបាន សំណុំរឿងនេះ ព្រះរាជអាជ្ញា បានចេញដីកាបញ្ជា ឲ្យជនប្រកាសផ្តួលរំលំ រដ្ឋាភិបាល ចូលខ្លួន។ ហើយចំពោះសំណុំរឿងនេះ គឺលោក សៀង សុខ ព្រះរាជអាជ្ញារង ជាអ្នកកាន់។មន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញា និងអត្តសញ្ញាណ ក្រុមជនដែលប្រកាស ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ បានអស់ហើយ ដើម្បីឈានទៅដល់ការចាប់ខ្លួន។ ក្រៅពីកំណត់មុខសញ្ញា សមត្ថកិច្ចក៏បានស្គាល់ទីតាំងលាក់ខ្លួន របស់ពួកគេផងដែរ។

លោកនាយឧត្តមសនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឲ្យដឹងថា ខាងជំនាញ របស់ក្រសួងការពារជាតិ បានកំណត់អត្តសញ្ញាណ ក្រុមជនដែលប្រកាស ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ បានអស់ហើយ និងកំពុងតែធ្វើការបន្ត ដើម្បីឈានដល់ការចាប់ខ្លួន ពីព្រោះបានស្គាល់ទីតាំង របស់ពួកគេអស់ហើយ។

លោកបានបញ្ជាក់ថា “យើងកំណត់អត្តសញ្ញាណ បានអស់ហើយ យើងកំពុងតែធ្វើការបន្តទៀត យើងយកអត្តសញ្ញាណ បានហើយ យើងដឹងកន្លែងរបស់វា និយាយរួម យើងដឹងអត្តសញ្ញាណ អស់ហើយ យើងកំពុងតែឲ្យអង្គភាព របស់យើងធ្វើការបន្ត”។ ដោយលោកបានលើកឡើងថា ការប្រកាស ផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ គឺជាការខុសច្បាប់ និងជាបទល្មើសព្រហ្មទណ្ឌមួយ ធ្វើឲ្យប៉ះពាល់ដល់សេចក្តីសុខ និងប៉ះពាល់ដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ហើយអ្វីដែលជាការប្រកាស គឺជាខុសច្បាប់ ហើយយើងនឹងចាត់ការ ទៅតាមផ្លូវច្បាប់ យើងមិនអាចអនុញ្ញាតឲ្យមនុស្សនឹង បុគ្គលនឹងធ្វើបែបនេះបានទេ។ ពីព្រោះរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត ហើយធ្វើនេះ វាប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់អធិបតេយ្យភាព យើងមិនអាចទទួលយកបានទេ។

អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់ថា “យើងនឹងចាត់វិធានការ ម៉ឺងម៉ាត់បំផុត ចំពោះបុគ្គល ឬអ្នកណា ដែលមានគំនិតចង់ផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់ គឺដាច់ខាតយើងមិនអនុញ្ញាត ឲ្យមានទេ”។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ មានបុរសម្នាក់ ដែលអះអាងថា ខ្លួនស្ថិតនៅក្នុងអង្គភាពទិសនិរតី បានប្រកាសជាសាថារណៈ តាមបណ្តាញសង្គម (Facebook ) និង Youtube ដោយអំពាវនាវឱ្យ កងកម្លាំងប្រដាប់អាវុធ ក្រសួង ស្ថាប័ននានា ត្រៀមខ្លួនចូលរួម ផ្តួលរំលំរាជរដ្ឋាភិបាល នៅពេលដ៏ខ្លីខាងមុខនេះ៕

 

 

ចំនួនអ្នកទស្សនា

    20582087

  • ថ្ងៃនេះ6101
  • ម្សិលមិញ6261
  • សប្តាហ៍នេះ24481
  • ខែនេះ139631
  • ឆ្នាំនេះ139631
  • សរុប20582087