មន្ត្រីរាជការ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានឲ្យដឹងថារយៈពេលប្រមាណ១ខែកន្លងទៅនេះ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានឃុបឃិតបើកដៃឲ្យឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើប្រណីតទៅលក់នៅ ស្រុកយួនយ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានរថយន្តទំនើបៗ រថយន្តធុនតូច និងរថយន្តធុនធំជាច្រើនគ្រឿងដឹកជញ្ជូនឈើឆ្លងកាត់មុខប៉ុស្ដិ៍ ត្រួតពិនិត្យរបស់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទៅលក់នៅស្រុកយួនទាំងយប់ទាំងថ្ងៃ។ ក្នុងចំណោមឈ្មួញដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតចេញទៅស្រុក យួន គឺឈ្មួញឈ្មោះ កាំង ធ្វើអាជីវកម្មក្នុងទ្រង់ទ្រាយធំជាងគេ ដោយសារមានការឃុបឃិតជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចជាច្រើនស្ថាប័នដែលប្រព្រឹត្តអំពើពុករលួយ។
សកម្មជនព្រៃឈើ និងមន្ត្រីរាជការក្នុងខេត្តរតនគិរី បានឲ្យដឹងថាឈ្មួញឈ្មោះ កាំង បានប្រើរថយន្តទួរីស និងរថយន្តធុនដ្រា ដឹកឈើប្រណីតពីខេត្តស្ទឹងត្រែង ចូលក្រុងបានលុង ក្នុងមួយយប់ៗពី៥ទៅ៨រថយន្ត ហើយរថយន្តទាំងនោះបើកបរក្នុងល្បឿនលឿនៗងាយបង្កឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ។ ឈ្មួញឈ្មោះ កាំង ត្រូវគេចាត់ទុកថាជាបងធំខាងដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួន បន្ទាប់មកគឺឈ្មួញឈ្មោះ ណាក់ ឈ្មួញឈ្មោះ ភាព ឈ្មួញឈ្មោះ ធាម ដែលជាមុខសញ្ញាដឹកជញ្ជូនឈើប្រណីតច្រើនឆ្នាំមកហើយ។ ចំណែកលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី គិតគូរតែរឿងផលប្រយោជន៍ប៉ុណ្ណោះ ហើយបណ្ដោយឲ្យសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅលក់នៅស្រុកយួនតាម ច្រកព្រំដែន និងច្រករបៀងក្នុងស្រុកអូរយ៉ាដាវ កើតឡើងយ៉ាងរាលដាល។
ប្រភពដែលស្និទ្ធនឹងឈ្មួញឈ្មោះ កាំង បានឲ្យដឹងថាឈ្មួញរូបនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នទៀត រហូតដល់ចេញលុយប៉ាវមន្ត្រីពុករលួយទាំងនោះយ៉ាងសប្បាយទៀតផង។ ហេតុនេះហើយទើបឈ្មួញឈ្មោះ កាំង អាចធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតពីខេត្តស្ទឹងត្រែង ចូលក្រុងបានលុង ក្នុងមួយថ្ងៃៗជាច្រើនរថយន្ត ហើយអាចដឹកបន្តទៅលក់នៅស្រុកយួនដោយគ្មានសមត្ថកិច្ចណាហ៊ានក្អក ជាមួយទេ ព្រោះខ្លាចខាតបង់ប្រាក់ចំណូល។ បញ្ហានេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើប្រណីតក្នុងខេត្តរតនគិរី ជាបន្ទាន់។ ដោយហេតុថាឈ្មួញឈ្មោះ កាំង កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចូលក្រុងបានលុង យ៉ាងពេញបន្ទុកដោយគ្រាន់តែប្រើសញ្ញាសម្គាល់ដើម្បីទំនាក់ទំនងជាមួយ សមត្ថកិច្ចពុករលួយប៉ុណ្ណោះ៕