តំបន់​ព្រៃ​អភិរក្ស​នៅ​ស្រុក​សំឡូត អាច​នឹង​រលាយ​ហិនហោចបើអាជ្ញាធរ​មួយ​ចំនួនឃុបឃិត

26-July-2016 | ដោយ មែន កំសត់

 

ខេត្តបាត់ដំបង ៖ ជំនួញ​ឈើ​ជន្លង់ម្រេច ដែល​គ្មាន​ការ​កំណត់​ច្បាស់លាស់ បច្ចុប្បន្ន​នេះ​កំពុង​ឈាន​ដល់​ការ​កាប់​បំផ្លាញ​ពាសពេញ​ក្នុង​តំបន់​ព្រៃ​ អភិរក្ស ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​ហើយ​។ នេះ​បើ​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​ស្រុក​សំឡូត និង​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង ដែល​គេ​សង្ស័យ​ថា មន្ត្រី​ការពារ​បរិស្ថាន មន្ត្រី​ព្រៃឈើ និង​អាជ្ញាធរ​មួយ​ចំនួន​នៅ​តំបន់​នោះ ជា​អ្នក​នៅ​ពីក្រោយ​ពេញទំហឹង​ក្នុង​ការ​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ឲ្យ​មាន​ បទល្មើស​នេះ​យ៉ាង​ស្របច្បាប់​។

ប្រភព​ពី​មន្ត្រី​ស្រុក​សំឡូត បាន​និយាយ​ថា ឈ្មួញ​ជន្លង់ម្រេច​ដែល​ភាគច្រើន​ជា​ខ្សែបណ្ដោយ ឬ​បក្ខពួក​របស់​មន្ត្រី​មាន​អំណាច​នៅ​ស្រុក​សំឡូត កំពុង​បង្កើន​យ៉ាង​ខ្លាំង​នូវ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ជន្លង់ម្រេច ប្រហែល​១​ឆ្នាំ​ចុង​ក្រោយ​នេះ​។ មន្ត្រី​ដដែល​ប្រាប់​ថា បច្ចុប្បន្ន​ការ​កាប់​ឈើ​ជន្លង់ម្រេច មិន​ត្រិ​ម​តែ​សំរាប់​តម្រូវការ​ក្នុងស្រុក​ទេ ពួក​ឈ្មួញ​ទុច្ចរិត​ថែម​ទាំង​លួច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ស្រុក​យ៉ាង​សកម្ម​ ទៀត បើ​ទោះជា​ច្បាប់​ហាម​មិន​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ជន្លង់ម្រេច​នេះ​ចេញ​ទៅ​លក់​ ក្រៅ​ស្រុក​ក្ដី​។

អាជ្ញារ​ធរ​ស្រុក​សំឡូត និង​ក្រុម​ឈ្មួញ​នានា​សុទ្ធតែ​បាន​អះអាង​ថា ឈើ​ជន្លង់ម្រេច​ធ្វើ​អំពី​អនុ​ផល​ព្រៃឈើ ដែល​ពលរដ្ឋ​អារច្រៀក​នៅ​តាម​ចម្ការ​របស់​ខ្លួន  មិនមែន​កាប់​ពី​តំបន់​ព្រៃ​នានា​ក្នុងស្រុក​សំឡូត ដែល​ច្បាប់​ហាមឃាត់​នោះ​ទេ​។ ប៉ុន្តែ​បើ​តាម​ការ​ចុះ​ពិនិត្យ​ជាក់ស្ដែង ឈើ​ទាំងនោះ​ភាគច្រើន​ជា​ប្រភេទ​ឈើមូល ដែល​ត្រូវ​គេ​កាប់​ថ្មី​ៗ​ដឹក​ចេញពី​តំបន់​ព្រៃ​អភិរក្ស ដែល​មាន​ឈ្មួញ​ជា​អ្នក​កុម្ម​ង់​ទិញ​ពី​ពលរដ្ឋ​។  រីឯ​មន្ត្រី​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​ស្ថាប័ន ត្រូវ​គេ​សង្ស័យ​ថា ជា​អ្នក​នៅ​ពីក្រោយ នៃ​បទល្មើស​ព្រៃឈើ​ដ៏​រង្គាល​នេះ ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​ប្រចាំខែ ឬ​បង់​តាម​ក្បាល​រថយន្ត​ដឹក​ជន្លង់ម្រេច​របស់​ឈ្មួញ​។

ឈើ​ជន្លង់ម្រេច​ត្រូវ​បាន​សម្រុក​កាប់​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់​ព្រៃ ​អភិរក្ស  ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​គ្រប់គ្រង​ដោយ​ក្រុម​មន្ត្រី​បរិស្ថាន របស់​ក្រសួងបរិស្ថាន​។ ប្រភេទ​ឈើមូល​ដែល​ទើប​កាប់​ថ្មី​ៗ ត្រូវ​បាន​ប្រទះ​ឃើញ​គេ​ដឹក​ទៅ​គរ​ទុក​នៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ និង​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ភូមិ​ច្រើន​ស្អេកស្កះ  មាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ប៉ុណ្ណោះ ពី​ទីស្នាក់ការ​មន្ត្រី​បរិស្ថាន​។ ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ហាក់​មានការ​លាក់លៀម ពេល​សួរនាំ​អំពី​គំនរ​ឈើ​ទាំងនោះ តែ​បាន​បញ្ជាក់​ថា ឈើ​ទាំងនោះ​ភាគច្រើន​គឺ​ដឹក​ចេញពី​តំបន់​ព្រៃ​អភិរក្ស ដែល​ការពារ​ដោយ​មន្ត្រី​បរិស្ថាន​។

អតីត​ឈ្មួញ​ជន្លង់ម្រេច​ម្នាក់​នៅ​ស្រុក​សំឡូត​បាន​និយាយ​ថា ដំបូង​ឡើយ​ឈើ​ជន្លង់ម្រេច​ត្រូវ​ពលរដ្ឋ​អារច្រៀក​ឈើ​ដែល​សេសសល់​ពី​ការ​កាប់ ​ចម្ការ​របស់​ពួក​គាត់​មែន  តែ​បច្ចុប្បន្ន​ឈើ​ទាំងនោះ​អស់ហើយ​។ ប្រភព​បន្ត​ថា ប្រហែល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​ទីផ្សារ​ជន្លង់ម្រេច​ត្រូវប៉ាន់ ទាំង​នៅ​ក្នុងស្រុក ទាំង​នៅ​ក្រៅ​ស្រុក​សំឡូត ទើប​អ្នក​កាប់​ឈើ​ជន្លង់ម្រេច នាំ​គ្នា​សម្រុកចូល​ទៅ​កាប់​នៅ​តំបន់​ព្រៃ​អភិរក្ស​វិញ ដោយ​មានការ​ផ្សំ​គំនិត​ពី​មន្ត្រី​ការពារ​បរិស្ថាន​ប្រចាំ​តំបន់​នោះ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​។ អតីត​ឈ្មួញ​ជន្លង់ម្រេច​រូប​នេះ​បាន​ប្រាប់​ថា ឈ្មួញ​ជន្លង់ម្រេច​កំពុង​សម្រុក​ខ្លាំង​កុម្ម​ង់​ទិញ​ជន្លង់ម្រេច​នៅ​ឃុំ​ កំពង់​ល្ពៅ​។ អ្នក​កាប់​ឈើ​ជន្លង់ម្រេច នៅ​ឃុំ​នេះ​បាន​បែក​ចែក​ជា​៣​ក្រុម ដើម្បី​ងាយ​ស្រូល​ប្រមូលប្រាក់​យក​ទៅ​បង់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ និង​មាន​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​អារឈើ​យ៉ាងតិច​៥០​គ្រឿង​។ 

រីឯ​រថយន្ត​របស់​ឈ្មួញ​សម្រាប់​ដឹក​ជន្លង់ម្រេច​វិញ មាន​ជាង​១០​គ្រឿង កំពុង​ដឹក​ជញ្ជូន​យ៉ាង​សកម្ម​រាល់ថ្ងៃ​។ ប៉ុន្តែ​បើ​គ្មាន​ខ្សែ ឬ​គ្មាន​បក្ខពួក​ទេ រថយន្ត​ដែល​ចង់ស៊ី​ឈ្មូ​ល​ដឹក​ជន្លង់ម្រេច​មិន​អាច​ចូល​ដឹក​បាន​ឡើយ គឺ​ត្រូវ​មន្ត្រី​បរិស្ថាន​ចាប់បង្ខំ​ឲ្យ​បង់ប្រាក់​ភ្លាម​តែ​ម្ដង ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​។ ប្រភព​ដដែល​នេះ​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​ឈើ​ជន្លង់ម្រេច​នេះ​ត្រូវ​គេ​បង្គាប់​ឲ្យ​ដឹក​ចេញ​នៅ​ពេល​ យប់​ជ្រៅ ដើម្បី​បិទ​បាំង​ពី​ភ្នែក​មហាជន ឬ​អ្នក​សារព័ត៌មាន​។ ឈ្មួញ​ដឹក​ជន្លង់ម្រេច​ត្រូវ​បង់លុយ​គ្រប់​ស្ថាប័ន​នៅ​ក្នុងស្រុក​សំឡូត  មាន​មន្ត្រី​បរិស្ថាន មន្ត្រី​ព្រៃឈើ  អង្គភាព​យោធា នគរបាល​ការពារ​ព្រំដែន នគរបាល​ស្រុក និង​កងរាជអាវុធហត្ថ​។​ល​។

រីឯ​តម្លៃ​បង់​ចាប់ពី​១០​ម៉ឺន​រៀល​រហូត​ដល់​៤០​ម៉ឺន​រៀល ក្នុង​រថយន្ត​មួយ​គ្រឿង ឬ​បង់​ជា​ខែ​ក៏​មាន ហើយ​ក្នុង​១​យប់​រថយន្ត​យ៉ាងតិច​១០​គ្រឿង​ដឹក​ជញ្ជូន​ជន្លង់ម្រេច​។ ជន្លង់ម្រេច​មួយ​ចំនួន​ដឹក​ទៅ​លក់​ឲ្យ​កសិករ​ដាំ​ម្រេច​នៅ​ក្នុងស្រុក​សំឡូត ​នេះ​តែ​ម្ដង រីឯ​មួយ​ចំនួន​ទៀត​ដឹក​ចេញ​ទៅ​លក់​ក្រៅ​ស្រុក​។ ដូច្នេះ​ហើយ​ទើប​ទីផ្សារ​ជន្លង់ម្រេច​ត្រូវប៉ាន់​ខ្លាំង​រយៈពេល​១​ឆ្នាំ​ចុង ​ក្រោយ​នេះ  ទើប​មានការ​បើកដៃ​ឲ្យ​ចូល​កាប់​ក្នុង​តំបន់​ព្រៃ​អភិរក្ស​បែប​នេះ ព្រោះ​ត្រូវប៉ាន់​មន្ត្រី​បរិស្ថាន​ដែរ​។

អាជ្ញាធរ​បាន​អះអាង​ដដែល​ៗ​កន្លង​មក​ថា គេ​មិន​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចេញ​ជន្លង់ម្រេច​ទៅ​លក់​ក្រៅ​ស្រុក​ទេ គឺ​សម្រាប់​តែ​តម្រូវការ​ក្នុងស្រុក​សំឡូត​តែ​ប៉ុណ្ណោះ​។ អាជ្ញាធរ​បាន​បញ្ជាក់​ថា បើ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជន្លង់ម្រេច​ទៅ​លក់​ក្រៅ​ស្រុក គឺជា​ហេតុ​នាំ​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​កាន់តែ​ខ្លាំង​។ លោក ឥ​ន្ធ សៅរ៍​រិ​ទ្ធ អភិបាលស្រុក​សំឡូត ក៏​ធ្លាប់​ពន្យល់​ដល់​អ្នក​សារព័ត៌មាន​ជា​ហូរហែ​ដែរ​ថា ច្បាប់​មិន​អនុញ្ញាត​ឲ្យ​មានការ​កាប់​បំផ្លាញ​ឈើ​នៅ​តាម​តំបន់​ព្រៃ​អភិរក្ស ឬ តំបន់​ដី​ព្រៃរបស់​រដ្ឋ ដើម្បី​ធ្វើ​ជន្លង់ម្រេច​ទេ គឺ​អនុញ្ញាត​ឲ្យ​កាប់ ឬ​អារច្រៀក តែ​អនុ​ផល​ព្រៃឈើ ដែល​ពលរដ្ឋ​បាន​កាប់​រំលំ​ធ្វើ​ចម្ការ​តែ​ប៉ុណ្ណោះ​។

ជុំវិញ​ការ​កាប់​បំផ្លាញ​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​ដែល​គ្រប់គ្រង​ដោយ​ មន្ត្រី​បរិស្ថាន​ខាងលើ​នេះ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក រ៉ុ​ង សុ​ភ័​ក្រ ប្រធាន​ស្នាក់​ការ​បរិស្ថាន​ប្រចាំ​ស្រុក​សំឡូត តែ​មិន​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បាន​ឡើយ នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា​នេះ​។ រីឯ​លោក ឆាយ សា​រ៉េ​ត នាយ​សង្កាត់​ព្រៃឈើ​ស្រុក​សំឡូត ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​។ ប៉ុន្តែ​កាលពី​ខែ​មុន​នាយ​សង្កាត់​ព្រៃឈើ​រូប​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា តំបន់​ដែល​មានការ​កាប់​ឈើ​ធ្វើ​ជន្លង់ម្រេច​នោះ គឺ​ស្ថិត​ក្រោម​ការ​គ្រង់​គ្រង​របស់​មន្ត្រី​បរិស្ថាន មិន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ទេ តែ​ការ​ដឹក​ជញ្ជូន​ឈើ​ជន្លង់ម្រេច គឺ​ឆ្លងកាត់​ស្នាក់​ការ​របស់​លោក​។

បើ​ទោះជា​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ជន្លង់ម្រេច ដោយ​ស្របច្បាប់​ក្ដី ប៉ុន្តែ​អាជ្ញាធរ គួរតែ​កំណត់​ដោយ​ច្បាប់​ដែរ​អំពី​ប្រភេទ​ឈើ​សម្រាប់​ធ្វើ​ជន្លង់ម្រេច ចៀសវាង​ការ​ឈាន​ដល់​ការ​ចូល​កាប់​បំផ្លាញ​តំបន់​ព្រៃ​អភិរក្ស​បែប​នេះ​។  មន្ត្រី​មួយ​ចំនួន​នៅ​ស្រុក​សំឡូត ហាក់​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​កាប់​បំផ្លាញ​ព្រៃ​នៅ ​តំបន់​អភិរក្ស​នេះ​។ មន្ត្រី​ទាំងនោះ​បាន​និយាយ​ថា ការ​រត់ពន្ធ​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​សំឡូត​សព្វថ្ងៃ​នៅ​តែ​ស្ថិត​ក្នុង​ ស្ថានភាព​គ​ក្រឹក​គគ្រេង​ដដែល គ្មាន​នរណា​បង្ក្រាប​ន​ណា​ទេ មាន​តែ​ការ​ផ្សំ​គំនិត​គ្នា​ប្រព្រឹត្ត​តែ​ម្ដង​។

មន្ត្រី​បាន​និយាយ​ថា បើ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់ ឬ​ចុះ​បង្ក្រាប​ទេ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​និង​នៅ​តំបន់​ដទៃ​ទៀត ក្នុងស្រុក​សំឡូត អាច​ប្រឈម​នឹង​ភាពរលាយ​ហិនហោច​នា​ពេល​អនាគត់​ដ៏​ខ្លី​ខាង​មុខ​នេះ​ជា​មិន​ ខាន ដោយសារ​ជំនួញ​ជន្លង់ម្រេច​ដែល​កំពុង​ត្រូវប៉ាន់​បែប​នេះ​។ មិន​ត្រិ​ម​តែព្រៃ​អភិរក្ស​ទេ សូ​ម្បី​តែព្រៃ​នៅ​តាម​តំបន់​ភ្នំ​ផ្សេង​ៗ​ទៀត ដែល​អាជ្ញាធរ​ហាមឃាត់​កន្លង​មកនេះ ក៏​កំពុង​រង​ការ​កាប់​រុករាន ពី​សំណាក់​អ្នកមាន​អំណាច​មួយ​ចំនួន ដើម្បី​វាទ​យក​ដី​ធ្វើ​ចម្ការ​ដែរ​៕

 

ចំនួនអ្នកទស្សនា

    20582437

  • ថ្ងៃនេះ6451
  • ម្សិលមិញ6261
  • សប្តាហ៍នេះ24831
  • ខែនេះ139981
  • ឆ្នាំនេះ139981
  • សរុប20582437