ភ្នំពេញ៖កម្លាំងកងរាជអាវុធហត្ថនៅរសៀលថ្ងៃទី២៥ខែកក្កដាឆ្នាំ ២០១៦នេះបានបញ្ជូនស្ត្រីចំណាស់ម្នាក់ទៅតុលាការរាជធានីភ្នំពេញ ពាក់ព័ន្ធករណីវាយដំធ្វើទារុណកម្មលើចៅស្រីបង្កើតអាយុ៦ឆ្នាំបង្ក មានរបួសស្នាមពេញខ្លួនដោយគ្មានអាណិតអាសូរបន្តិចណាសោះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៦ក្រោយពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋដែលរស់នៅជិតផ្សារដេប៉ូខណ្ឌទួលគោករាជធានីភ្នំពេញ ក្បែរផ្ទះជនរងគ្រោះថាមានជីដូនចិញ្ចើមចៅស្រីម្នាក់អាយុ៦ឆ្នាំ ត្រូវបានលោកយាយវាយធ្វើបាបស្ទើររាល់ថ្ងៃនិងប្រើអំពើហិង្សារហូត បណ្តាលឲ្យចៅស្រីមានរបស់ស្នាមពេញក្បាលនិងដងខ្លួនទើបកម្លាំង សមត្ថកិច្ចចុះទៅអន្តរាគមន៍និងរំដោះក្មេងស្រីរងគ្រោះមកមន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីចំណាស់ឈ្មោះសុខផល្លីអាយុ៥៩ ឆ្នាំដែលត្រូវជាជីដូនចៅស្រីរងគ្រោះមានឈ្មោះជីងអាយុ៦ឆ្នាំ។ ជីដូនរូបនោះបានវាយធ្វើបាបចៅរបស់ខ្លួនដោយប្រើអំពើហិង្សាស្ទើរ រាល់ថ្ងៃនិងបង្ខាំងទុកនៅក្នុងផ្ទះជាច្រើនឆ្នាំ។
សមត្ថកិច្ច បន្តថាក្រោយពីទទួលចម្លើយរបស់ក្មេងស្រីរងគ្រោះទើបសមត្ថកិច្ច ធ្វើការឃាត់ខ្លួនស្ត្រីចំណាស់រូបនោះដែលវាយធ្វើបាបចៅស្រីបង្កើត ខ្លួនឯងរហូតមានរបួសស្នាមពេញខ្លួនទៅទីបញ្ជាការកងរាជាវុធហត្ថ រាជធានីភ្នំពេញដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានី ភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។បច្ចុប្បន្នសំណុំរឿងស្ត្រី ចំណាស់កំពុងស្ថិតក្រោមចំណាត់ការរបស់កញ្ញាវ៉ាសក្តាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ៕