ស្ទឹងត្រែង៖មនុស្សចំនួន៤នាក់ត្រូវបានកម្លាំងបរិស្ថាន អនុរក្ស មន្ត្រីប៉ុស្តិ៍ និងប្រជាការពារភូមិឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងឃាត់ខ្លួនជាមួយអាវុធធុនវែង ចំនួន៥ដើម ឧបករណ៍ឆក់ត្រីមួយចំនួននិងគោយន្តមួយគ្រឿងកាលពីថ្ងៃទី២៤ខែកក្កដា ឆាំ២០១៦។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំអូរស្វាយបាន ឱ្យដឹងថាការឃាត់ខ្លួននោះធ្វើឡើងនៅចំណុចអូររមៀតក្នុងតំបន់ព្រៃ ការពារសហគមន៍ព្រៃឈើបុរីអូរស្វាយស្រុកថាឡាបរិវ៉ាត់។ក្រោយពី ឃាត់ខ្លួនជនសង្ស័យទាំងបួននាក់រួមវត្ថុតាងមួយចំនួនត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍បញ្ជូនមកកាន់អធិការនគរបាលស្រុក និងបន្តមកស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមផ្លួវច្បាប់។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំងបួននាក់ត្រូវឃាត់ខ្លួន មានពីរបទល្មើសផ្សេងគ្នា។ទី១ បទល្មើសប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសទី២គឺប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់។
តាម ចម្លើយសារភាពពីជនសង្ស័យបានឱ្យសមត្ថកិច្ចដឹងថាកាំភ្លើងអាកាធុនវែង បីដើមគឺខ្លួនបានខ្ចីពីសមត្ថកិច្ចមានឈ្មោះរិទ្ធនៅខេត្តនិង ឈ្មោះ ទិតហានរងប៉ុស្តិ៍រដ្ឋបាលឃុំកោះស្នែងស្រុកថាឡាបរិវ៉ាត់។លោក ទិតហានរងប៉ុស្តិ៍រដ្ឋបាលឃុំកោះស្នែងស្រុកថាឡាបរិវ៉ាត់បាន បញ្ជាក់ប្រាប់ នៅរសៀលថ្ងៃទី២៥ខែកក្កដានេះថាខ្លួនបាន ឱ្យកាំភ្លើងគេខ្ចីដោយសារតែយកទៅបាញ់សត្វស្វា។ខ្លួនក៏ចង់ហូប សាច់ស្វាបើសិនជាគេយកកាំភ្លើងនោះបាញ់បាននឹងហូបទាំងអស់គ្នា។លោក មិនបានគិតថានេះជាកំហុសនោះទេព្រោះអ្នកខ្ចីកាំភ្លើងរស់នៅស្រុក ភូមិជាមួយគ្នា។ពេលឮដំណឹងថា អ្នកខ្ចីកាំភ្លើងយកទៅបាញ់ស្វាត្រូវគេឃាត់ខ្លួនគឺហូសពេល បាត់ទៅហើយ។
ប្រភពពីនគរបាលខេត្តបានឱ្យដឹងថាមនុស្ស ចំនួន៤នាក់និងអាវុធ៥ដើមរួមទាំងឧបករណ៍ឆក់ត្រីខុសច្បាប់,គោយន្ត មួយគ្រឿងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងនៅ ល្ងាចថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៦នេះ៕ -