ខេត្តតាកែវ ៖ ទីបំផុត ឃាតករដែលសម្លាប់មិត្តស្រីរបស់ខ្លួននៅរមណីយដ្ឋានទន្លេបាទីត្រូវ បានសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងផ្សារតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ សាត មករា ហៅ ស្រីនី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក បាទី ខេត្តតាកែវ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ មានហេតុការណ៍ភ្ញាក់ផ្អើលមួយនៅមណ្ឌលទេសចរណ៍ទន្លេបាទី ខណៈគេបានឃើញឈាមមនុស្សក្រហមច្រាលនៅលើកន្ទេល លើរោងលំហែកាយក្នុងទន្លេបាទី ស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យ និងចុះរាវក្នុងទឹក ទើបបានប្រទះឃើញសាកសពនារីរងគ្រោះត្រូវគេកាប់ត្រង់ក្បាលជាច្រើន កាំបិត ច្រានទម្លាក់ចោលក្នុងទឹក ។ ខណៈនោះសមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្មគិតទុកជាមុន ដែលឃាតករអាចជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដោយបានរៀបចំផែនការបបួលជនរងគ្រោះទៅលេងនៅទន្លេបាទី ដែលជាថ្ងៃមិនមានមនុស្សទៅកម្សាន្តស្ងាត់ងាយស្រួលក្នុងធ្វើ សកម្មភាពសម្លាប់ជនរងគ្រោះ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈោះ ជា សុជាតិ ភេទស្រី អាយុ២២ឆ្នាំ ជានិសិត្យឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រអង់គ្លេស និងជាបុគ្គលិកបណ្ដែត នៃមន្ទីរទេសចរណ៍ខេត្តកណ្តាល និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាអន្តរជាតិអាសា៑នៅភ្នំពេញ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
ទាក់ទិននឹងករណីឃាតកម្មនេះត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា ជាអំពើប្លន់សម្លាប់ ហើយជនសង្ស័យជាមនុស្សស្និទ្ធស្នាលជាមួយជនរងគ្រោះថែមទៀត
បើតាមឪពុកជនរងគ្រោះឈ្មោះ អ៊ូ ជា បានប្រាប់សមត្ថកិច្ចថា សម្ភារៈជនរងគ្រោះបានបាត់បង់ រួមមាន ម៉ូតូ១គ្រឿង ម៉ាក វ៉េវ ពាក់ស្លាកលេខ កណ្ដាល 1S-6861 កងដៃប្លាទីន៣ជី ខ្សែកប្លាទីន៣ជី ក្រវិល ទូរសព្ទ័ដៃម៉ាកអាយហ្វូន១គ្រឿង និងលុយកាក់មួយចំនួនទៀត ។
ឪពុកជនរងគ្រោះបានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី២០កក្កដា ជនរងគ្រោះបានរៀបចំខ្លួនថាទៅលាលារៀន ដោយជិះម៉ូតូទៅដូចសព្វមួយដង ។ លុះដល់រសៀលថ្ងៃដដែលមានគេទូរសព្ទ័មកប្រាប់ថា មនុស្សស្រីដែលគេសម្លាប់នៅរមណីយដ្ឋានទន្លេបាទី ដូចកូនស្រីគាត់ គាត់ក៏បានទូរសព្ទ័ទៅលេខកូនគាត់ តែតេមិចូល ហើយក៏បានប្រញាប់ទៅពិនិត្យសព ទើបស្គាល់ច្បាស់ថា ជាកូនស្រីគាត់ពិតប្រាកដមែន ធ្វើឱ្យគាត់រន្ធត់ តក់ស្លុតជាខ្លាំង ៕