ភ្នំពេញ៖បុរសជាងម៉ាស៊ីនត្រជាក់ម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងឆក់ ធ្លាក់បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈពេលតម្លើងម៉ាស៊ីនថ្មី។ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅផ្ទះមួយកន្លែងលេខ៤១តាមផ្លូវជាតិ លេខ៣ភូមិព្រៃព្រីងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យកាលពីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រ៉ន រ៉ាន់ ហៅ វីរៈ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឫស្សីកែវ មុខរបរ ជាជាងម៉ាស៊ីនត្រជាក់ ធ្វើការងារនៅផ្សារទួលទំពូង។ចំណែកម្ចាស់ផ្ទះឈ្មោះនួនចន្ថាភេទ ស្រីអាយុ៦៤ឆ្នាំមុខរបរនៅផ្ទះកើតហេតុ ។
តាមប្រភពនៅ កន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើបានហៅជាងម៉ាស៊ីន ត្រជាក់ មកតម្លើង ម៉ាស៊ីនមានគ្នា២នាក់ នាំគ្នាធ្វើការងារតាំងពីព្រឹកមកម្លេះ ។លុះរហូតដល់វេលាកើតហេតុ ជនរងគ្រោះ ដាក់កៅអីជ័រ ឡើងស្វានចាប់ ក្បាលម៉ាស៊ីន ជាប់ជញ្ជាំង នៅជាន់លើ ស្រាប់តែចរន្តភ្លើងឆក់ ធ្លាក់មកក្រោមបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែង ៕