ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថាដីចម្ការព្រៃឈើរបស់រដ្ឋទំហំជិត៦០ហិកតាតាមព្រំដែន ស្រុកកំចាយមារ ជាប់ព្រំប្រទល់ប្រទេសយួន ត្រូវក្រុមជនល្មើសចូលទៅកាប់គាស់ឈូសឆាយតាមអំពើចិត្ត។ ក្រុមជនល្មើសបានទន្ទ្រានកាន់កាប់ដីនោះយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ហើយអ្នកខ្លះដាំដំឡូងជាចម្ការរួចទៅហើយមិនទាន់ឃើញមានមន្ត្រី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋឃុំត្របៅ អំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបបទល្មើសជាបន្ទាន់ កុំឲ្យកើតមានតទៅទៀត។
ប្រភពខ្លះបានឲ្យដឹងថា បើគ្មានការបើកដៃពីមេឃុំ និងអាជ្ញាធរស្រុកទេ គឺក្រុមជនល្មើសមិនហ៊ានធ្វើសកម្មភាពឈូសឆាយបំផ្លាញចម្ការព្រៃឈើ របស់រដ្ឋទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ និងដាំដំឡូងយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះឡើយ។ ចំណែកលោក ឃឹម អូន នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រៃវែង បានដោះសាយករួចខ្លួនថាទីតាំងដែលគេដាំដំឡូងនោះ គឺគេឈូសឆាយបំផ្លាញចម្ការព្រៃឈើរបស់រដ្ឋមុនពេលលោកមកកាន់តំណែងជា មេរដ្ឋបាលព្រៃឈើខេត្តព្រៃវែង។ ការដោះសាបែបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា គឺជាការឆ្លើយយករួចខ្លួនដោយខ្វះការទទួលខុសត្រូវ ដោយហេតុថាឥឡូវនេះជាពេលវេលាដែលលោក ឃឹម អូន ត្រូវចាត់វិធានការបង្ក្រាបជាបន្ទាន់កុំឲ្យក្រុមជនល្មើសធ្វើអ្វីៗ ស្រេចតែអំពើចិត្តទៀត។
ប្រជាពលរដ្ឋនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានអំពាវនាវយ៉ាងទទូចឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការទប់ស្កាត់និងដកហូតដីចម្ការព្រៃឈើរបស់រដ្ឋដែលក្រុម ជនល្មើសទន្ទ្រានកាន់កាប់នោះមកវិញជាបន្ទាន់។ ជាពិសេសត្រូវចាត់វិធានការទៅលើភាពអសកម្មរបស់មន្ត្រីអាជ្ញាធរឃុំ និងមន្ត្រីអាជ្ញាធរស្រុកផងដែរ ដែលធើ្វមិនដឹងមិនឮនៅពេលក្រុមជនល្មើសកាប់គាស់ឈូសឆាយបំផ្លាញចម្ការ ព្រៃឈើរបស់រដ្ឋជាប់ព្រំដែនខ្មែរ-យួន ដោយគ្មានញញើតអ្វីទាំងអស់។ លើសនេះទៅទៀតអាជ្ញាធរខេត្តព្រៃវែង ត្រូវចាត់វិធានការតាមច្បាប់ទៅលើក្រុមអ្នកបំផ្លាញចម្ការព្រៃឈើរដ្ឋ នៅជាប់ព្រំដែនខ្មែរ-យួន ព្រោះការវែកមុខជនល្មើសដែលកាប់ទន្ទ្រានដីព្រៃចម្ការរដ្ឋ ហើយដាំដំឡូងមិនមែនជារឿងលំបាកឡើយ គ្រាន់តែស៊ើបសួរអ្នកភូមិក៏អាចរកមុខឃើញដែរ៕