ខេត្តកំពង់ចាម ៖ ម៉ូតូធុនសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ជិះគ្នា២នាក់ បានបើកបរលឿនស្លេវទៅបុករថយន្ត ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-1449 ដឹកដើមដំឡូងមី ពេញទំហឹងនៅត្រង់មុខស្នាក់ការ គយ និងរដ្ឋាករខេត្ត ក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ។ ហេតុការណ៏នោះកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៥ កក្កដា ២០១៦ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងរងរបួសធ្ងន់ម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យ៧ដេ ។
តាមប្រភពពីនគរបាលចរាចរណ៍ស្រុកកំពង់សៀម ប្រាប់ឲ្យដឹងថា នៅពេលមុនកើតហេតុរថយន្តធុនធំ ដែលដឹកដើមដំឡូងនោះ បានឈប់នៅមុខស្នាក់ការគយ និងរដ្ឋាករខេត្ត ដើម្បីទិញទឹកផឹក ។ នគរបាលចរាចរណ៍បានប្រាប់បន្តថា ក្នុងពេលម្ចាស់កំពុងតែជាប់រវល់ទិញទឹកផឹក ស្រាប់តែម៉ូតូឌ្រីម១គ្រឿងថ្មីស្រឡាង បានជិះទិសដៅស្របគ្នាក៏បានមកបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗ និងរបួសធ្ងន់ម្នាក់ ឈាមហូរស្រោចថ្នល់ហើយ ។ ហេតុការណ៍ដែលកើតឡើងនេះ គឺស្ថិតនៅពីមុខអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ត្រូវបានកម្លាំងសមត្ថកិច្ចជាច្រើននាក់ចេញសំរួលចរាចរណ៍ភ្លាមៗ ដោយមិនឲ្យកកស្ទះ និងបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ៧ដេ ដឹកអ្នកស្លាប់ និងរបួសយកទៅកាន់កាន់មន្ទីរពេទ្យ។ រថយន្ត និងម៉ូតូត្រូវបាននាំមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីដោះស្រាយតាមច្បាប់។
នគរបាលចរាចរណ៍បញ្ជាក់ថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍នោះឈ្មោះ ហុន តុង ភេទប្រុស អាយុ១៨ឆ្នាំ និងអ្នករបួសធ្ងន់ឈ្មោះ ហេង សុវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ ដូចគ្នារស់នៅភូមិអំពិលជ្រុំ ឃុំក្រឡា ស្រុកកំពង់សៀម។ នាយប់ថ្ងៃដដែលអ្នករបួសត្រូវបានសាច់ញាតិ បានប្រញាប់បញ្ជូនទៅ សង្គ្រោះជាបន្ទាន់នៅរាជធានីភ្នំពេញ ៕