ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អាណាព្យាបាលរបស់យុវតីដ៏ស្រស់ស្អាតម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ថា បានបាត់កូនស្រីមិនដឹងទៅទីណាទេ សូមសមត្ថកិច្ចជួយរកឲ្យផង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងកាច់បានឲ្យដឹងថា លោក ណម ពេទ្យ បានឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ ញ៉ម ស្រីណា អាយុ១៦ឆ្នាំ ជាអ្នកចែកបៀរនៅក្នុងកាស៊ីណូយីហោស៊ីសា ដែលបានទីតាំងស្ថិតនៅក្នុងផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ព្រំដែនកម្ពុជា-ថៃ) ។
នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា កូនស្រីរបស់គាត់បានបាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ។ នៅពេលបាត់ខ្លួនភ្លាមៗ នៅថ្ងៃទី២៣កក្កដា គាត់បានទូរស័ព្ទទំនាក់ទំនងទៅកូនស្រីដែរតែទូរស័ព្ទចូលហើយគ្មាន អ្នកទទួល លុះដល់រសៀលថ្ងៃទី២៤ក៏ទូរស័ព្ទលែងចូលរហូត ក៏នាំគ្នាមកប្តឹងសមត្ថកិច្ចនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យសមត្ថកិច្ចជួយរកកូនស្រីគាត់ផង ៕