ខេត្តត្បូងឃ្មុំ ៖ ហេតុតែតូចចិត្តនឹងប្រពន្ធលែងលះ បុរសពោះម៉ាយខូចចិត្តម្នាក់ឈ្មោះ អ៊ុន ហ្សឺឌី ហៅចក់ អាយុ២៥ឆ្នាំ រស់នៅភូមិ៣៦ ឃុំជប់ ស្រុកត្បូងឃ្មុំ បានធ្វើអត្តឃាត ដោយយកខ្សែនីឡុងយកចងកទៅនឹងផ្លានបន្ទប់ចង្ក្រានបាយក្នុងផ្ទះ ដែលមានកម្ពស់៣ម៉ែត្រ បណ្តាលឲ្យស្លាប់យ៉ាងអណោចអធម។ ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៦កក្កដា ២០១៦ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យសព។
លោកវរសេនីយ៍ត្រីឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំប្រាប់ឱ្យដឹងថា ជនរងគ្រោះធ្លាប់មានប្រពន្ធ ឈ្មោះ ប៊ន ស្រីជា អាយុ២៥ឆ្នាំ រស់នៅភូមិជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ មានកូនស្រី ម្នាក់ឈ្មោះ វ៉ិត ស្រីកែវ អាយុ៨ឆ្នាំ ហើយបានបង្កជម្លោះក្នុងគ្រួសាររហូតបានលែងលះគ្នាកាលពីឆ្នាំ២០១១។ លោកអធិការរងនគបាលស្រុកត្បូងឃ្មុំប្រាប់បន្តថា ក្រោយពីបានបែកបាក់គ្នាមកជនរងគ្រោះ គឺបានចាកចេញមករស់នៅស្រុកកំណើតវិញក្នុងភូមិ៣៦ ឃុំជប់ ហាក់ដូចមានអារម្មណ៍ខុសប្រក្រតី ហើយតែងតែដើរផឹកស៊ី ។ ហេតុតែខូចចិត្ត បុរសពោះម៉ាយនេះ បានយកខ្សែនីឡុងមកចងកធ្វើអត្តឃាត បញ្ចប់ជីវិតនៅក្នុងផ្ទះបាយ ដែលមិនមានសមាជិកក្រុមគ្រួសារណាម្នាក់ដឹងឡើយ។
លោកវរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា មុនពេលស្លាប់បុរសនេះ ទាញយករូបថតកូនស្រីមកមើល ដោយមើលហើយមើលទៀត ក្រោយមកស្រាប់តែ ដល់ម៉ោងង៤រសៀល ទើបឈ្មោះ ផាត ស្រីវៀន ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាក្មួយសព ចូលយកអង្ករដាំបាយហូប ស្រាប់តែឃើញជនរងគ្រោះ ចងកស្លាប់ទៅហើយ។ ភ្លាមៗនោះក៏ ប្រញាប់រាយការណ៍មកប៉ុស្ដិ៍រដ្ឋបាលឃុំជប់ ឱ្យបានដឹង និងរាយការណ៍ទៅលោកស្នងការនគរបាលខេត្ត ព្រមទាំងបានចាត់ឱ្យជំនាញ បច្ចេកទេសប្រញាប់ចុះមកពិនិត្យសព ឃើញថាពិតជាបានស្លាប់ ដោយចងកធ្វើអត្តឃាតមែន។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី។ សូមបញ្ជាក់ថា កាលពីពេលដែលបុរសនេះរស់នៅស្រុកមេមត់ នៅជុំប្រពន្ធកូន ពេលសន្សំបានលុយសម្រាប់ទិញឈើមកធ្វើផ្ទះ ត្រូវបានបុរសនេះយកលុយ ទៅលេងល្បែងចាញ់អស់ជាច្រើន ទើបកើតទៅជារឿងផ្តឹងផ្តល់លែងលះគ្នាបែបនេះ៕