ខេត្តសៀមរាប ៖ សិប្បកម្មផលិតសរសៃគុយទាវ ត្រូវសមត្ថកិច្ចសម្រេចបិទទីតាំងជាស្ថាពរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីបានយកម្សៅ.សផលិតគុយទាវសរសៃ ទៅចូលឡាបូនៃមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលភ្នំពេញ ក៏បានរកឃើញមាននូវសារធាតុផ្សំ (បូរ៉ាក់ ឬទឹកអន្សា) លេខK.H.13.005339F5 ចុះថ្ងៃទី១៥ កក្កដា ២០១៦ ។
គួររំលឹកថា សិប្បកម្មសរសៃគុយទាវមួយកន្លែងដែលគ្មានច្បាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការ ខេត្ត សហការជាមួយមន្ត្រីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានចុះពិនិត្យទីតាំងផលិតគុយទាវសរសៃធំ គ្មានច្បាប់ទម្លាប់ និងគ្មានអនាម័យ ទើបសម្រេចឱ្យបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ កក្កដា ២០១៦ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន បានប្រាប់កោះសន្តិភាព នៅថ្ងៃទី២៧ កក្កដា ថា បន្ទាប់ពីបានចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងផលិតសរសៃគុយទាវ ខាងលើរួចមក ក៏រកឃើញថា ទីតាំងខាងលើពិតជាគ្មានច្បាប់ និងគ្មានអនាម័យ ធ្វើឱ្យខូចសុខភាពដល់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាបផងនោះ ទើបលោកសម្រេចយកម្សៅ.សទៅចូលឡាបូនៅរាជធានីភ្នំពេញរបស់ កាំកុងត្រូល
លោកបន្តថា ក្រោយពីសរសៃគុយទាវមានជាតិផ្សំ (បូរ៉ាក់ ឬទឹកអន្សា) ហៅ(ម្សៅ.ស) នោះ បានចេញពីឡាបូមកឃើញថា លទ្ធផលនៃមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលភ្នំពេញលេខ K.H.13.005339F5 ចុះថ្ងៃទី១៥ កក្កដា ២០១៦ គឺជាសារធាតុគីមីម្សៅដែលខាងជំនាញបញ្ជាក់ថា មិនអាចដាក់លក់នៅលើម្ហូបអាហារបានទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ដូចជាជំងឺដែលទាក់ទងទៅនឹងប្រដាប់រំលាយអាហារ និងជំងឺតម្រងនោមជាដើម ។
លោកបញ្ជាក់ថា ម្ចាស់សិប្បកម្មមានឈ្មោះយោក គឹមស៊ុន ភេទស្រី អាយុ៥៥ឆ្នាំ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានបើកសិប្បកម្មនេះ មកដល់ថ្ងៃបិទគឺមានរយៈពេល៥ឆ្នាំ ហើយផលិតចេញបានចាប់ពី៤០គីឡូ ទៅ៥០គីឡូក្នុង១ថ្ងៃ រួចយកទៅបោះដុំនៅម្តុំផ្សារលើធំថ្មី និងផ្សារចាស់ ព្រមទាំងឱ្យកូនចៅដើរលក់ថែមទៀតផង ។
លោកបញ្ជាក់បន្ថែមថា បន្ទាប់ពីបានរកឃើញមាននូវសារធាតុគីមី បូរ៉ាក់ ឬទឹកអន្សានោះមក លោកបានចោទប្រកាន់ទៅលើម្ចាស់សិប្បកម្មនេះ មាន២ករណីករណីទី១-ចោទពីបទបើកសិប្បកម្មគ្មានច្បាប់អនុញ្ញាតិ ពីមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងករណីទី២-យោងតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម តាមមាត្រា៤៣ និងមួយករណីទៀត តាមមាត្រា៦៣យោងតាមច្បាប់គ្រប់គ្រងគុណភាពសុវត្ថភាពលើផលិតផល ទំនិញ និងសេវា ។
បច្ចុប្បន្ន ម្ចាស់សិប្បកម្មត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការតាមមាត្រា៦៣ អាចចាប់គុកពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥ ទៅ១០លានរៀល ឬទោសណាមួយ ក្នុងចំណោមទោសទាំង២ នេះជាលើកទី១ ដែលត្រូវបានបញ្ជូនម្ចាស់សិប្បកម្មគ្មានច្បាប់ទៅតុលាការ ។