រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ជំហានដំបូងបានឲ្យដឹងថា គ្រូបង្រៀនភាសាចិនម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងសាលារៀនភាសាចិនទួនហ្វា(អូឡាំពិក) ផ្លូវលេខ៣១០ កែងផ្លូវលេខ១៧៣ ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពឹង ខាយ ភេទប្រុស អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀនភាសាចិនសាលាទួនហ្វា(ផ្សារកណ្ដាល) ស្នាក់នៅផ្ទះលេខ១៨៩ ផ្លូវលេខ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការឃាត់ខ្លួននេះបន្ទាប់ពីឪពុកក្មេងស្រីរងគ្រោះ(សិស្សសាលាចិន ទួនហ្វា)អាយុ១៣ឆ្នាំម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋាន អាវុធហត្ថខណ្ឌចំការមនដោយចោទប្រកាន់ជនសង្ស័យថា បានបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីគាត់ ។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនបន្តទៅមូលដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕