ភ្នំពេញ ៖ ក្រោយពីបើកការស៊ើបអង្កេតអស់រយៈពេលជាងកន្លះខែ លើករណីឃាតកម្មលោកបណ្ឌិតកែម ឡី អាជ្ញាធរកម្ពុជា ចាប់ផ្តើមបង្ហាញសញ្ញានៃភាពលំបាកបន្តិចម្តងៗជុំវិញការស៊ើបអង្កេត ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ដោយមកដល់ពេលនេះ អាជ្ញាធរគ្មានតម្រុយបន្ថែមទៀតទេនៅក្នុងសំណុំរឿងនេះ ក្រៅពីការឃាត់ខ្លួនជនសង្ស័យឈ្មោះអឿត អាង។
គិត មកដល់ពេលនេះ ឃាតកម្មលើបណ្ឌិត កែម ឡី អ្នកវិភាគដ៏ល្បីនៅកម្ពុជា មានរយៈពេលជាងកន្លះខែហើយ នៅឡើយតែយុត្តិធម៌ដែលក្រុមគ្រួសារ និងមជ្ឈដ្ឋានទូទៅកំពុងរង់ចាំមើលយ៉ាងអន្ទះសា ថាតើយុត្តិធម៌នឹងអាចមានដែរឬទេ?
អ្នកនាំពាក្យក្រសួង មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកថា សមត្ថកិច្ចជំនាញកំពុងបន្តបេសកកម្មស្រាវជ្រាវឱ្យអស់លទ្ធភាព ដើម្បីបង្ហាញការពិត ថាតើមានអ្វីនៅពីក្រោយខ្នងសំណុំរឿងឃាតកម្មដ៏សាហាវនេះ ព្រោះលោកក៏មិនជឿថា ផ្ដើមចេញពីជំពាក់លុយ ៣ពាន់ដុល្លារមិនសងនោះឡើយ។
លោកបញ្ជាក់ថា "ពូមិនទាន់បាន ព័ត៌មានអីថ្មីពីខាងជំនាញយើងទេ ប៉ុន្តែពូគ្រាន់តែដឹងថា ជនដៃដល់វារឹងក្បាល វាមិនព្រមឆ្លើយអ្វីទាំងអស់ រហូតវាឆ្លើយថាមិនស្គាល់ម្តាយវាទៀតផង។ វាមានភាពរឹងរូសក្នុងការបង្ហាញការពិតដល់សមត្ថកិច្ចរបស់យើង។ នេះជាការលំបាកមួយដែលយើងកំពុងតែខិតខំរកបន្ថែមទៀត"។
មន្ដ្រីនាំពាក្យរូបនេះ បន្ថែមថា បើទោះបីជាការស្រាវជ្រាវត្រូវអូសបន្លាយពេលយូរ ឬគ្មានលទ្ធភាពស្រាវជ្រាវរកឃើញការពិតក្តី ក៏ច្បាប់របស់កម្ពុជា មិនអនុញ្ញាតឲ្យមានការចូលរួមស៊ើបអង្កេតពីក្រុមណាមួយក្រៅតែពី សមត្ថកិច្ចរបស់កម្ពុជា ឡើយ។
រីឯចំពោះបញ្ហាវីដេអូ កាមេរ៉ាសុវត្ថិភាពនោះ លោកខៀវ សុភ័គ បានបញ្ជាក់ថា អាជ្ញាធរមិនទាន់បញ្ចេញភ្លាមៗតាមការទាមទារនោះទេ ព្រោះត្រូវទុកបម្រើការស៊ើបអង្កេតបន្តទៀត។
ជាមួយគ្នា នោះដែរ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ បានបដិសេធចំពោះការចោទប្រកាន់ពីសំណាក់មេដឹកនាំគណបក្សនយោបាយប្រឆាំង ដែលថា ឃាតកម្មបាញ់សម្លាប់លោក កែម ឡី មានពាក់ព័ន្ធនឹងសមត្ថកិច្ចរដ្ឋាភិបាល ហើយបានអះអាងថា ពុំមែនជាការពិតឡើយ ហើយគ្មានហេតុផលណាមួយ ដែលសមត្ថកិច្ចធ្វើបែបនេះទេ ហើយបើរដ្ឋាភិបាលធ្វើបែបនេះ មិនមែនជរដ្ឋាភិបាលរបស់ប្រជាពលរដ្ឋទេ។ ទាំងរដ្ឋាភិបាល និងសមត្ថកិច្ចក៏ចង់ដឹងលទ្ធផលនៃការស៊ើបអង្កេតទាក់ទង នឹងឃាតកម្មនោះដូចប្រជាជនចឹងដែរ តែគណៈកម្មការស៊ើបអង្កេត និងតុលាការកំពុងធ្វើការងាររបស់ខ្លួន។
នាយឧត្ដមសេនីយ៍ បានបញ្ជាក់បន្តថា អាជ្ញាធរបានខិតខំការពារសន្តិសុខសុវត្ថិភាពជូនប្រជាជនគ្រប់ពេល ដោយបង្កើនការត្រួតពិនិត្យអាវុធ ជាតិផ្ទុះឲ្យបានត្រឹមត្រូវ៕