រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោម៦នាក់ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារធ្វើការស្រាវជ្រាវចាប់ខ្លួនបាន ជាបន្តបន្ទាប់ ពាក់ព័ន្ធពីបទចាប់នារីម៉ាស្សាម្នាក់ យកទៅរំលោភបូកម្នាក់ម្តងៗ នៅក្នុងវត្ត «ប្រជុំសាគរ ហៅវត្តថ្មី » ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីវេលាទៀបភ្លឺថ្ងៃទី២៨ កក្កដា ២០១៦ ។
ប្រភពឱ្យដឹងថា ជំហានដំបូង សមត្ថកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណជនសង្ស័យទាំង២នាក់នោះទេ ដោយកំពុងបន្តចាប់ខ្លួនជន៤នាក់ទៀតកំពុងគេចខ្លួន ។ រីឯនារីម៉ាស្សារងគ្រោះខាងលើ មានអាយុ២៥ឆ្នាំ ធ្វើការនៅហាងម៉ាស្សាមេគង្គស្ប៉ា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។
បើ តាមនារីរងគ្រោះឱ្យដឹងថា មុនពេលកើតហេតុ ប្រហែលជាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ កក្កដា នាងត្រូវភ្ញៀវ៤នាក់ (មានប្រុសមានស្រី) នាំមកញ៉ាំអាហារនៅក្បែរស្ពានជ្រោយចង្វារ ។ បន្ទាប់ពីញ៉ាំអីរួច ភ្ញៀវប្រុសម្នាក់ជនជាតិអូស្ត្រាលីបានបបួលនាងទៅដេក តែត្រូវនាងមិនព្រម ក៏ដើរបែកផ្លូវគ្នាអស់ទៅ ។ ហើយរូបនាង ត្រូវដើរទៅផ្ទះតែម្នាក់ឯង ដោយកាត់តាមវត្តខាងលើ ស្រាប់តែលេចជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់កាបូបនាងពីដៃ គេចខ្លួនបាត់ ។
ប្រភពបន្តទៀតថា ពេលនោះ ក៏មានលេចមុខជនម្នាក់ទៀតមក ដោយជិះម៉ូតូកូនទា ធ្វើជាមកសួរនាំ រួចជួយជូននាងទៅប្តឹងសមត្ថកិច្ច ពេលដែលនាងព្រមជិះម៉ូតូទៅជាមួយ ក៏ដឹកនាងចូលទៅកាន់វត្តថ្មី ដោយនៅទីនោះមានបក្សពួកគ្នាវា៦នាក់ បានចាប់នាងរំលោភម្នាក់ម្តងៗ រហូតសម្រេចទាំងអស់ ហើយគេចខ្លួនបាត់ ។ សំណាងល្អ នាងត្រូវអ្នកភូមិឃើញ ក៏ជួយនាងតែម្តង តែអ្វីៗបាត់បង់អស់ហើយ ទាំងខ្លួនប្រាណនិងទ្រព្យសម្បត្តិ ដូចជាទូរស័ព្ទអាយហ្វូន, ចិញ្ចៀនមាស១ជី និងលុយ២៥ដុល្លារ ។