តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅតែ​ជា​ប្រភព​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​

28-July-2016 | ដោយ មែន កំសត់

 

សមត្ថកិច្ច​នគរបាល​និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជាច្រើនលើក ចាប់តាំងពី​អំឡុង​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១៦​។ ទោះជា​យ៉ាងណា​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ឈូក បាន​ឲ្យ​ដឹងថា​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ មូលដ្ឋាន​នេះ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មេខ្លោង​ធំៗ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​ នៅឡើយ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ ​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កុំ​ឲ្យ​បទល្មើស​រាលដាល​តទៅទៀត​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ថ្មីៗ​នេះ​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល បានធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​២​នាក់​នៅ​ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ​តុលាការ​បានសម្រេច​ឃុំខ្លួន​ពួកគេ​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​។ តាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​២​នាក់​នោះ បាន​ឲ្យ​ដឹងថា​ពួកគេ​ទិញ​គ្រឿងញៀន​នៅ​តំបន់​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​យកមក​ចែកចាយ​នៅក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។ ការឆ្លើយ​សារភាព​របស់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​នៅ​ស្រុក​កោះធំ​បែបនេះ ជា​ភស្ដុតាង​បង្ហាញថា​ភូមិ​ត្រពាំង​ឈូក គឺជា​ទីតាំង​ដ៏​ធំ​ក្នុង​ការជួញដូរ​ចែកចាយ​គ្រឿងញៀន​ទៅកាន់​តំបន់​ផ្សេងទៀត​ ។

សូម​បញ្ជាក់ដែរថា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​តាម​បណ្ដា​ខណ្ឌ​មួយចំនួន​ ក្នុង​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់ និង​រឹបអូស​វត្ថុតាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងនោះ​មាន​ទាំង​កាំភ្លើងខ្លី​ផងដែរ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពើ​ បញ្ហា​អសន្តិសុខ​សង្គម​ក្នុង​រាជធានី​ភ្នំពេញ ហើយ​អំពាវនាវ​ឲ្យ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​លោក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​មានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ តំបន់​ភូមិ​ត្រពាំង​ឈូក​ជាប្រចាំ ព្រោះ​តំបន់​នេះ​ជាទី​តាំង​សម្រាប់​ចែកចាយ​គ្រឿងញៀន​ទៅ​កន្លែង​ផ្សេងៗ​ទៀតផង ​ដែរ​។

នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការបង្ក្រាបក្រុមជនសង្ស័យជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន២០នាក់ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងការបង្ក្រាបនោះមានរឹបអូសវត្ថុតាងមួយចំនួនផងដែរ ហើយក្រុមជនសង្ស័យទាំង២នាក់ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់វិធានការតាមនីតិវិធី។ ការដែលបទល្មើសគ្រឿងញៀនក្នុងភូមិត្រពាំងឈូក នៅតែកើតឡើងយ៉ាងរាលដាល គឺជាមូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម៕

 

ចំនួនអ្នកទស្សនា

    20584497

  • ថ្ងៃនេះ8511
  • ម្សិលមិញ6261
  • សប្តាហ៍នេះ26891
  • ខែនេះ142041
  • ឆ្នាំនេះ142041
  • សរុប20584497