ខេត្តត្បូងឃ្មុំ ៖ អតីតទណ្ឌិតចេញពីពន្ធនាគារខេត្តមិនទាន់បានប៉ុន្មាន១ខែផង បង្កហិង្សាដេញកាប់គេមិនបាន ក៏បានដុតម៉ូតូម៉ាកសេ១០០កូរ៉េ មួយគ្រឿងពណ៌ក្រហម ឆេះឡើងហ្មត់តែម្តង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី២៨ កក្កដា ២០១៦ ត្រង់ចំណុចឡូត៍កៅស៊ូលេខ៥៩សេ ភូមិ៤៨ សង្កាត់សួង ក្រុងសួង ហើយត្រូវបានឆ្មាំការពារកៅស៊ូ ចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
លោកវរសេនីយ៍ទោ ឈន សុធន អធិការនគរបាលក្រុងសួង ប្រាប់ឲ្យដឹងថា ជនបង្កឈ្មោះ ភី សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ៤៨ សង្កាត់សួង បានផឹកស្រាស្រវឹង ហើយបានទៅច្រូតស្មៅ ត្រង់ចំណុចឡូត៍កៅស៊ូ៥៩សេ ហើយបានយកចានសម្រាប់ត្រងជ័រកៅស៊ូ ទៅបោកអស់ប្រហែល១០ ចាន ក្នុងពេលនោះត្រូវបានឆ្មាំការពារកៅស៊ូម្នាក់ឈ្មោះ នុត ម៉ាលីន ភេទប្រុស អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិព្រៃទទឹង សង្កាត់ជាមួយគ្នាឃើញ ប្រញាប់ទូរស័ព្ទរាយការណ៍បន្ទាន់ទៅលោកមេភូមិ។
លោកវរសេនីយ៍ទោ ឈន សុធន អធិការនគរបាលក្រុងសួង ប្រាប់បន្តថា ក្នុងពេលដែលកំពុងតែទូរ ស័ព្ទទៅនោះមិនទាន់មានកម្លាំងសមត្ថកិច្ចណាម្នាក់មកដល់ផង ត្រូវបានអតីតទណ្ឌិតឈ្មោះ សុភ័ក្រ បានយកកណ្តៀវដេញកាប់លើជនរងគ្រោះ តែសំណាងបានរត់គេចផុតទាន់ពេល។ហេតុតែខឹង ដេញកាប់គេមិនបាននោះបែរជាកើតការក្តៅក្រហាយខឹងសម្បារ ក៏ដុតម៉ូតូរបស់អ្នកប្តឹងឆេះនៅសល់តែគ្រោងឆ្អឹងដែក ។ បន្ទាប់មកក្រុមឆ្មាំការពារកៅស៊ូបាននាំគ្នា មកជាច្រើននាក់ក៏ចាប់ជនបង្កជាប់ប្រគល់មកឲ្យប៉ុស្តិ៍រដ្ឋបាល សង្កាត់សួង ដើម្បីយកទៅចាត់ការបន្តតាមច្បាប់ ។
លោកអធិការនគរបាលក្រុងសួង បញ្ជាក់ថា អតីតទណ្ឌិតឈ្មោះ សុភ័ក្រ នេះត្រូវបានកម្លាំងសមត្ថកិច្ច ធ្លាប់បានចាប់ខ្លួនម្តងកាលពីថ្ងៃទី១១ កញ្ញា ២០១៥ ពីបទធ្វើឲ្យខូចខាតដោយចេតនារបស់អ្នកដទៃ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយជាប់ទោស៧ខែ នឹកស្មានតែរាងចាល តែនៅពេលដែលចេញមកវិញ មិនទាន់នឹងបានប៉ុន្មានផង បែរជាប្រព្រឹត្តនូវទង្វើខុសច្បាប់ដដែល៕