ខេត្តកណ្ដាល ៖ ចោរលួចម៉តូម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ត្រូវបានប្រជាពលរដ្ឋ រាប់រយនាក់ និងនគរបាល ពទ្ធ័ចាប់បានវាយទ្រមខ្លួន កាលពីវេលាម៉ោង១១និង៥៥០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា នៅចំណុចភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីលួចម៉ូតូមួយគ្រឿងត្រូវម្ចាស់ឃើញទាន់។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ សុខ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។
ចំណែកឯបក្ខពួកម្នាក់ទៀតគេចខ្លួន ឈ្មោះ ឩត្តម ហៅផាន់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ស៊ុត សុផានិត ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ជាម្ចាស់ម៉ូតូ១គ្រឿងម៉ាកហុងដា ស្គូពីពណ៌ក្រហម ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ1AC-4718។ នគរបាលបានឱ្យដឹងបន្ថែមថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកលេងផ្ទះបងប្អូន រួចបានទុកម៉ូតូនៅមុខផ្ទះ។
បន្ទាប់មកក៏មានជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកSLពណ៌ខ្មៅ មកដល់ ពេលនោះ ជនសង្ស័យឈ្មោះ សុខ ចាន់ ក៏បានយកដែកអក្សTធ្វើសកម្មភាពកាច់សោកម៉ូតូជនរងគ្រោះបាន ហើយជិះគេចខ្លួន ចំណែកជនសង្ស័យម្នាក់ទៀត ជិះតាមពីក្រោយ តែពេលនោះជនរងគ្រោះព្រមទាំងប្រជាពលរដ្ឋបានឃើញទាន់ ហើយបាននាំគ្នាស្រែកថាចោៗរួចនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចចុងបឹងស្ថិតនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងព្រៃ ក៏ត្រូវប្រជាពលរដ្ឋរាប់រយនាក់បាននាំគ្នាពទ្ធ័ ដេញចាប់ខ្លួនបានម្នាក់តែម្តង ហើយនាំគ្នាវាយឡើងទ្រមខ្លួន ទើបប្រគល់ឱ្យនគរបាល នាំខ្លួនមកសាកសួរ។
នៅចំពោះមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកខាងលើ ពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះ ប្រាកដមែន។ ចំណែកដែកអក្សT ខ្លួនបានបោះចោលនៅក្នុងស្ទឹងបាត់ហើយ។ ខ្លួននិងបក្ខពួកធ្លាប់ធ្វើសកម្មភាពលួចម៉ូតូពីរដងរួចមកហើយ ដោយលើកទី១ធ្វើនៅម្តុំវត្តជម្ពូវន្ត ហើយលើកទីពីរនេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។ ជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕