អតីត​យោធិន​ពិការ​ជើង​ម្ខាងត្រូវមន្ត្រី​នគរបាល​ទួល​ទំពូង​ទី​២វាយ​គាត់​ បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន

29-July-2016 | ដោយ មែន កំសត់

 រាជធានី​ភ្នំពេញ ៖ អតីត​យោធិន​ពិការ​ជើង​ម្ខាង​ដោយសារ​គ្រាប់​មីន​ក្នុង​សម័យ​សង្គ្រាម​ម្នាក់​ បាន​នាំ​ប្រពន្ធ និង​កូន មក​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​​ពី​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​ទី​២​ហើយ​ គ្មាន​អ្នក​ណា​ម្នាក់​អើពើ ដោយ​ចោទប្រកាន់​មន្ត្រី​នគរបាល​ទួល​ទំពូង​ទី​២ម្នាក់​​ថា​បាន​វាយ​គាត់​ បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​ដេរ​ជា​ច្រើន​ថ្នេរ ។

លោក ស៊ី​ថា ករុណា ជា​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​មាន​អាយុ​៤៨​ឆ្នាំ មាន​ប្រពន្ធ និង​កូន​ម្នាក់ ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​ខាងក្រោយ​រោងចក្រ​ដែកគោល ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ជា​អតីត​យោធិន​ពិកា​ជើង​ខាងឆ្វេង​ម្ខាង ដោយសារ​តែ​គ្រាប់​មីន​ក្នុង​សម័យ​សង្គ្រាម ដោយ​ធ្លាប់​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​វរៈ​សេនា​តូច​ការពារ​អង្គរ ក្នុង​ខេត្តសៀមរាប ។

លោក​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨​កក្កដា​ម្សិលមិញ ដោយ​ក្នុង​អាកា​រៈ​ស្រវឹងស្រា​យ៉ាង​ខ្លាំង​នោះ រូប​គាត់​ក៏​បាន​ដើរ​ចេញពីផ្ទះ​ឡើង​មក​លើ​ផ្លូវត្រង់​ចំណុច​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ធ្វើការ​អំពាវនាវ​ទៅ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ការ​ជួយ​សង្គ្រោះ​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​កំពុង​រង​នូវ ​ការ​ខ្វះខាត​ក្នុង​គ្រួសារ ។ ខណៈ​ពេល​ដែល​រូប​គាត់​កំពុងធ្វើការ​ស្រែក​រក​ការ​ជួយ​សង្គ្រោះ​នៅ​តាម​ផ្លូវ ​សារ​ធារ​ណៈ​នោះ ក៏​ស្រាប់តែ​មាន​មន​ន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​ម្នាក់ បាន​ដេញ​រូប​គាត់​ឲ្យ​ដើរ​ចេញ​ឆ្ងាយ​ពី​ទីនោះ ព្រោះ​មានការ​កកស្ទះ​ចរាចរណ៍ ។ ពេល​ដែល​មានការ​បណ្តេញ​ពី​មន្ត្រី​នគរបាល​រូប​នោះ ដោយ​ក្នុង​សភាព​ស្រវឹងស្រា​ជោគ​ជាំ រូប​គាត់​មិន​បាន​ដើរ​ចេញ​ទៅ​តាម​ការ​ប្រាប់​របស់​ក្រុម​មន្ត្រី​នគរបាល​ឡើយ ហើយ​ជំនះ​នៅ​ឈរ​ដដែល ទើប​បង្ក​ឲ្យ​មានការ​ជជែក​តឹង​ស​សៃ​ក​ដាក់​គ្នា ក៏​ត្រូវ​មន្ត្រី​នគរបាល​រូប​នោះ​ប្រើ​អាយ​ឌី​១​គ្រឿង​ដែល​កាន់​ជាប់​នឹង​ដៃ ​វាយ​ទៅ​លើ​ក្បាល​របស់​គាត់​បណ្តាល​ឲ្យ​បែក​លើ​ចិញ្ចើម​ខាងស្តាំ​ហូរ​ឈាម​ ស្រោច​ពេញ​ខ្លួន​តែ​ម្តង ។ ពេល​ដែល​រូប​គាត់​ត្រូវ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​វាយ​ក្បាល​ គាត់​បែកចេញ​ឈាម​ហើយ គាត់​ក៏​ត្រូវ​នគរបាល​ម្នាក់​ដែល​អះអាង​ថា ជា​មេ​របស់​ជន​ដៃដល់​នោះ​នាំ​ទៅ​ព្យាបាល​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង​ ក្បែរ​កន្លែង​កើតហេតុ រួច​ហើយ​ក្នុង​ថ្ងៃ​ដដែល​រូប​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ ប៉ុស្តិ៍​ទួល​ទំពូង​ទី​២ តែ​មិន​មាន​ដំណោះស្រាយ​ឡើយ ទើប​ក្នុងថ្ងៃនេះ គាត់ ប្រពន្ធ និង​កូន យកពាក្យ​បណ្តឹង​មក​ដាក់​នៅ​អធិការ​នគរបាល​ខណ្ឌចំការមន​ជា​ថ្មី​ម្តងទៀត ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​ប្រើ​ អំពើ​ហិង្សា​ទៅ​លើ​អតីត​យោធិន​ពិការ​នេះ​ដែរ លោក យិ​ន សាន្ត អធិការ​នគរបាល​ខណ្ឌចំការមន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​ថា លោក​មិន​បានដឹង​ទេ អំពី​បញ្ហា​នេះ ដោយ​ឥឡូវ​លោក​កំពុង​តែ​ជាប់រវល់​ប្រជុំ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។ ចំណែក​មន្ត្រី​សាលា​ខណ្ឌ​ចំការមន​មួយ​ចំនួន​បាន​លួច​ខ្សិ​ប​ប្រាប់​ថា ពិតជា​មាន​ករណី​វាយ​បុរស​ពិការ​ជើង​ម្នាក់​បែកក្បាល​មែន​កាលពី​ម្សិលមិញ តែ​ចំពោះ​ដំណោះស្រាយ​យ៉ាងណា​នោះ លោក​មិន​បានដឹង​ទេ ។

 

ចំនួនអ្នកទស្សនា

    20586017

  • ថ្ងៃនេះ10031
  • ម្សិលមិញ6261
  • សប្តាហ៍នេះ28411
  • ខែនេះ143561
  • ឆ្នាំនេះ143561
  • សរុប20586017