រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២៩ កក្កដា ២០១៦ នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងគយចល័ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថបានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលក់ទូរស័ព្ទដៃគ្រប់យីហោ «ហាក់ សែ» ក្នុងនោះនៅម្តុំបឹងព្រលិត និងម្តុំផ្សារថ្មី ដែលសង្ស័យថា មានលក់ទូរស័ព្ទគេចពន្ធ ។
ប្រភពបន្តថា ប៉ុន្តែនៅពេលសមត្ថកិច្ចចុះទៅឆែកឆេរពុំឃើញមានទូរស័ព្ទ ដែលនាំចូលគេចពន្ធនោះទេ មានតែទូរស័ព្ទតិចតួចដែលដាក់តាំងលក់មិនបានបិទតែមបង់ពន្ធនាំចូល ករណីនេះ ត្រូវម្ចាស់ហាងរៀបរាប់ប្រាប់សមត្ថកិច្ចថា ជាការទិញចូលលក់ចេញតៗគ្នា មិនមែនជារបស់គេចពន្ធទេ ។
ក្រោយ ពីចុះឆែកឆេរ សមត្ថកិច្ចបានធ្វើការណែនាំឱ្យម្ចាស់ហាងមានការប្រុងប្រយ័ត្ន ក្នុងការនាំចូលឬទិញលក់ណាមួយ ដែលច្បាប់បានហាមឃាត់ ។
ទោះបីជា យ៉ាងណា ប្រភពមន្ត្រីចុះឆែកឆេរបានបង្ហើបឱ្យដឹងថា ហាង «ហាក់ សែ» នេះ គឺនាំចូលទូរស័ព្ទគេចពន្ធ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប ។