រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បន្ទាប់បុរសចំណាស់ម្នាក់ត្រូវគេដឹងថា ជាប្តីបាននាំកូនប្រុសមកតាមរកប្រពន្ធដល់ផ្ទះជួល ស្រាប់តែមកដល់ ក៏ប្រទះឃើញបុរសម្នាក់ទៀត (ជាសហាយ) កំពុងដេកអោបប្រពន្ធក្នុងបន្ទប់ជួលនោះ ធ្វើឱ្យបុរសជាប្តីព្យាយាមទប់កំហឹង មិនហ៊ានធ្វើអ្វីទាំងអស់ បានត្រឹមតែទាញទ្វារបិទវិញនិងចងចម្រឹងលួសពីខាងក្រៅ រួចហើយទៅប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ។
ហេតុការណ៍ នេះ កើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី២៩ កក្កដា ២០១៦ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពឱ្យដឹងថា បុរសជាប្តីមានឈ្មោះកែវ ឈួន អាយុ៥៣ឆ្នាំ ជាជាងសំណង់ មានទីលំនៅក្នុងភូមិតាសួរ ឃុំសារិកា ស្រុកល្វាឯម ខេត្តកណ្តាល រីឯប្រពន្ធឈ្មោះឡេង សុខចាន់ អាយុ៤៨ឆ្នាំ ទាំង២នាក់មានកូនចំនួន៥នាក់ ព្រមទាំងមានចៅទៀតផង ។ ចំណែកឯបុរសជាសហាយស្មន់ ឈ្មោះវណ្ណ ណារ៉ាត់ អាយុ៤៧ឆ្នាំ ជាសន្តិសុខ មានទីលំនៅក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ។
បើ តាមការអះអាងពីស្ត្រីជាប្រពន្ធបានឱ្យសមត្ថកិច្ចដឹងថា រូបខ្លួនបានលែងលះជាមួយបុរសប្តីនោះរួចហើយ គ្រាន់តែមិនទាន់ដាច់ស្រេចគ្នាប៉ុណ្ណោះនៅឯសាលាឃុំ ។
ទោះបីជាយ៉ាងណា ក្រោយកើតហេតុ ករណីនេះត្រូវបានដោះស្រាយគ្នាតាមនីតិវិធី ដោយភាគីខាងប្តីព្រមយកម៉ូតូហុងដាសេ១២៥ ស៊េរីចាស់១គ្រឿងជិះចេញទៅវិញ ។