រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅ បានឃាត់ខ្លួនស្ត្រីម្នាក់ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ធ្វើការសាកសួរ និងកសាងសំណុំរឿង បន្ទាប់ពីស្ត្រីរូបនេះបានក្លែងត្រានិងហត្ថលេខាលោក គិត សុផា អតីតអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ ព្រមទាំងស្នាមមេដៃរបស់ម្ចាស់បុរី ប៊ុនហួរ នៅលើលិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ។
ការឃាត់ខ្លួននេះ គឺបន្ទាប់ពីស្ត្រីខាងលើបានយកលិខិតទៅដាក់បញ្ចាំប្រុងយកលុយរាប់ ម៉ឺនដុល្លារ ប៉ុន្តែទង្វើនោះមិនអាចទៅរួច ដោយអ្នកទទួលបញ្ចាំមានការសង្ស័យទៅលើលិខិតមួយនេះក៏យកទៅធ្វើការ សាកសួរ និងឲ្យអាជ្ញាធរជួយពិនិត្យ ទើបដឹងថា ជាលិខិតក្លែងក្លាយ ហើយអាជ្ញាធរសង្កាត់ចោមចៅ ក៏បានឃាត់ខ្លួន ប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់ ។
ស្ត្រីរូបនេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែកក្កដា នៅក្នុងសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មន្ត្រីនគរបាលប្រាប់ថា ស្ត្រីសង្ស័យឈ្មោះ ធា សុម៉ាឡា អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ៥៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។ នគរបាលបានកត់សម្គាល់ថា នៅពេលហៅទៅសាកសួរ ស្ត្រីរូបនេះមានការលាក់លៀមច្រើនណាស់ សួរមិនព្រមឆ្លើយតាមត្រង់ឡើយ គឺឆ្លើយមិនពិតប្រាកដទាល់តែសោះ ដោយម្ដងឆ្លើយអ៊ីចេះ ម្ដងឆ្លើយអ៊ីចុះ ពិបាកជឿខ្លាំងណាស់។ ជាមួយនេះបានបដិសេធរហូត ថាខ្លួនមិនបានក្លែងឯកសារនោះឡើយ ប៉ុន្តែពេលឲ្យរកអ្នកដែលក្លែងពិតប្រាកដបែរជារកមិនឃើញ ទើបធ្វើឲ្យរឹតតែមានការសង្ស័យខ្លាំងឡើងថែមទៀត។ ដោយសារបែបនេះ សមត្ថកិច្ចក៏បានបង្កើនការសាកសួរបន្តទៀតទៅតាមជំនាញ រហូតស្ត្រីរូបនេះមិនអាចលាក់លៀមបានតទៅទៀត ក៏សារភាពថាខ្លួនពិតជាបានក្លែងឯកសារនោះមែន ។
ស្ត្រីរូបនេះបានសារភាពប្រាប់នគរបាលថា ខ្លួនបានជួលជាងធ្វើត្រាសាលាខណ្ឌពោធិ៍សែនជ័យ ត្រាសាលាសង្កាត់ចោមចៅ ត្រាឈ្មោះលោក គិត សុផា អតីតអភិបាលខណ្ឌ និងត្រាឈ្មោះលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ និងបានស៊ីញ៉េតាមលោកទាំងពីរដោយខ្លួនឯង ដើម្បីយកលិខិតផ្ទេរសិទ្ធិក្លែងក្លាយនោះ ទៅដាក់បញ្ចាំយកលុយ ។ ចំណែកឯលិខិតផ្ទេរសិទ្ធិផ្ទះរបស់ខ្លួនពិតប្រាកដ បានយកទៅដាក់បញ្ចាំនៅធនាគារបាត់ហើយ គឺបានប្រាក់ចំនួនជាង១ម៉ឺនដុល្លារ ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា លិខិតផ្ទេរសិទ្ធិកាន់កាប់ដី/ផ្ទះ ក្លែងក្លាយមួយច្បាប់នេះ គឺផ្ទះលេខ«C24» ដែលមានបណ្ដោយ១៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរូបនេះបានក្លែងហត្ថលេខានិងត្រារបស់ លោក គិត សុផា អតីតអភិបាលខណ្ឌពោធិ៍សែនជ័យ និងចុះហត្ថលេខា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ និងហត្ថលេខានិងត្រារបស់លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៣ ។
ពេលក្រុមការងារសង្កាត់ចោមចៅ ធ្វើការពិនិត្យផ្ទៀងផ្ទាត់ បានឃើញមានលក្ខណៈខុសគ្នាទាំងស្រុង ពីហត្ថលេខានិងត្រាពិតប្រាកដរបស់លោកទាំងពីរខាងលើ ។ មិនតែប៉ុណ្ណោះ នៅបានក្លែងឈ្មោះ និងស្នាមមេដៃលោក ប៊ុន ហួរ ដែលជាម្ចាស់បុរីផ្ទះល្វែង ប៊ុន ហួរ ជាអ្នកប្រគល់ឲ្យ ចំណែកស្ត្រីសង្ស័យឈ្មោះ ធា សុម៉ាឡា ខ្លួនឯង ក៏មានឈ្មោះនិងស្នាមមេដៃក្នុងនាមជាអ្នកទទួលផងដែរ ។ ជាងនេះទៀត ស្ត្រីរូបនេះនៅបានយកលេខផ្ទះរបស់អ្នកជិតខាងដាក់បន្លំថាជាលេខ ផ្ទះរបស់ខ្លួន ដែលម្ចាស់ផ្ទះពិតប្រាកដ ឈ្មោះ វិន គីមបួយ ភេទប្រុស អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ អាន នូ អាយុ៣៤ រស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ។
ប្រភពដដែលបន្តថា ឈ្មោះ វិន គីមបួយ និងប្រពន្ធឈ្មោះ អាន នូ បានទៅដាក់ពាក្យបណ្ដឹងទប់ស្កាត់មួយនៅសាលាសង្កាត់ចោមចៅ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីឲ្យអាជ្ញាធរជួយទប់ស្កាត់ ព្រោះបានទទួលដំណឹងថា មានគេយកលេខផ្ទះរបស់ខ្លួនទៅប្រើប្រាស់ក្នុងបំណងដាក់លក់ ឬបញ្ចាំ ប៉ុន្តែមិនបានដឹងថា ជាស្ត្រីឈ្មោះ ធា សុម៉ាឡា នេះទេ ។ លុះនៅព្រឹកថ្ងៃទី២៨ ខែក្កកដា ស្រាប់តែស្ត្រីខាងលើ បានយកលិខិតផ្ទេរសិទ្ធិនោះទៅដាក់បញ្ចាំឲ្យឈ្មោះ បូ នៅភ្នំពេញ ក្នុងបំណងយកប្រាក់រាប់ម៉ឺនដុល្លារ ។ ប៉ុន្តែដោយមានការសង្ស័យ ឈ្មោះ បូ បានពឹងឲ្យមិត្តភក្ដិរបស់ខ្លួនយកលិខិតនោះទៅសាកសួរមន្ត្រី អាជ្ញាធរ ទើបដឹងថាជាលិខិតក្លែងក្លាយ ហើយអាជ្ញាធរសង្កាត់ក៏បានឃាត់ខ្លូនស្ត្រីរូបនេះប្រគល់ទៅឲ្យ នគរបាលប៉ុស្តិ៍ធ្វើការសាកសួរតាមនីតិវិធី ។
មន្ត្រីអាជ្ញាធរនិយាយថា នេះគឺជាទង្វើអាក្រក់មួយដែលមិនអាចលើកលែងបានឡើយ ព្រោះបានប៉ះពាល់យ៉ាងខ្លាំងលើការងារ និងកិត្តិយសរបស់អាជ្ញាធរ និងបុគ្គលពាក់ព័ន្ធ និងទាញអាជ្ញាធរឲ្យធ្លាក់ភក់ជ្រាំទៀតផង ។ ពេលនេះលោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ និងលោក ប៊ុន ហួរ ម្ចាស់បុរីផ្ទះល្វែង ប៊ុន ហួរ បានដាក់ពាក្យប្ដឹងស្ត្រីរូបនេះ ។
ដោយឡែកនៅព្រឹកថ្ងៃទី២៩ ខែកក្កដា មានអ្នករងគ្រោះដោយសារស្ត្រីរូបនេះ បានទៅសាកសួរនគរបាលនិងអាជ្ញាធរសង្កាត់ជាបន្តបន្ទាប់ និងបានប្ដឹងទប់ស្កាត់ផ្ទះរបស់ខ្លួន ដោយម្នាក់ៗមានភាពស្រឡាំងកាំង ព្រោះតែមិនគួរឲ្យជឿថា ស្ត្រីឈ្មោះ ធា សុម៉ាឡា នេះ សម្បកក្រៅគួរឲ្យរាប់អាន ប៉ុន្តែធាតុពិតខាងក្នុង ដូចជាផ្លែល្វាបែបនេះសោះ ។ ស្ត្រីម្នាក់នេះ បានយកលេខផ្ទះរបស់ពួកគាត់ដាក់ក្នុងលិខិតផ្ទេរសិទ្ធិ យកទៅបញ្ចាំយកលុយនៅកន្លែងផ្សេងៗផង និងខ្ចីលុយអ្នកជិតខាងផង សរុបមិនក្រោម១០ម៉ឺនដុល្លារឡើយ និងនៅមានធនាគារឯកជនមួយចំនួនទៀត កំពុងលង់ខ្លួនដោយសារតែស្ត្រីម្នាក់នេះដែរ ។
លោកព្រះរាជអាជ្ញារង ប៉េង ហៀង បានសម្របសម្រួលក្នុងការឆែកឆេរផ្ទះស្ត្រីរូបនេះរកត្រា និងឯកសារនានាទៀត តែរកមិនឃើញទេ ខណៈប្តីបាននាំកូនគេចខ្លួនចេញពីផ្ទះទៅបាត់ ៕