ខេត្តស្ទឹងត្រែង ៖ ក្រុមភ្នាក់ងារអ្នកសារព័ត៌មានឈានមុខ នៅក្នុងប្រទេសរួមជាមួយភ្នាក់ងាររាយការណ៍ទូរទស្សន៍ផងនោះ កាលពីព្រឹកថ្ងៃទី៣០ កក្កដា ២០១៦ បានទៅដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីទាក់ទងសុំព័ត៌មានពាក់ព័ន្ធករណីបង្ក្រាបបទល្មើសព្រៃឈើតាម រថយន្ត តែត្រូវបានចេញមកវិញ ទាំងការសោកស្តាយ ។
ប្រភពក្រៅរបងស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា រថយន្តសាំងយ៉ុង ពណ៌បៃតងចាស់មួយគ្រឿង បានធ្លាក់ក្នុងដែនសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត កាលពីយប់ (ចន្លោះថ្ងៃទី២៩ និង៣០ កក្កដា ២០១៦) ខណៈមានផ្ទុកឈើ (មិនដឹងជាភេទឈើអ្វី) បានចរាចណ៍លើដងផ្លូវ នៅខេត្តស្ទឹងត្រែង ក៏ត្រូវចាប់បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ។
អ្នកសារព័ត៌មាននៅខេត្តស្ទឹងត្រែង បានលើកជាទស្សនៈជាក់ស្តែងថា រាល់ការចាប់បង្ក្រាបបទល្មើសព្រៃឈើ ដែលធ្វើឡើងក្រោមការបង្ក្រាបរបស់ជំនាញប្រឆាំងសេដ្ឋកិច្ចខុសច្បាប់ តែងមានការលាក់លៀម មិនបង្ហាញពីភាពច្បាស់លាស់ ដល់អ្នកសារព័ត៌មានពេលប្រមូលព័ត៌មាន ដើម្បីចុះផ្សាយនោះទេ ។
ជាក់ស្តែង នាព្រឹកថ្ងៃទី៣០ កក្កដា ២០១៦ នេះ ក្រុមភ្នាក់ងារអ្នកសារព័ត៌មានរួមមានកោះសន្តិភាព រស្មីកម្ពុជា កម្ពុជាថ្មី ភ្នាក់ងាររាយការណ៍ទូរទស្សន៍ NTV និង MSJ TV បានទៅស្នងការដ្ឋាននគរបាលខេត្ត ដោយបានទំនាក់ទំនងទៅលោកសាន់ និមល ស្នងការរងទទួលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្នុងគោលបំណងសុំព័ត៌មានផ្សាយអំពីគុណសម្បតិ្តនៃការអនុវត្ត ច្បាប់របស់ការិយាជំនាញសាមី ។
តែជាការសោកស្តាយគុណសម្បតិ្តនោះ មិនត្រូវបានឱ្យអ្នកសារព័ត៌មានលាតត្រដាងឡើយ ដោយសារលោកផាត ផាន់ណា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបន្ទរទៅកាន់មន្ត្រីរបស់ខ្លួនថា «អ្នកកាសែតមករញ៉េរញ៉ៃអីច្រើនម្ល៉េះ ធ្វើតែស្នងការជាផ្ទះរបស់ខ្លួន ចេញ-ចូលស្រេចចិត្ត ចេញឱ្យអស់ភ្លាម បើមិនចេញ បិទទ្វារចាប់អ្នកកាសែតឱ្យផ្អើលម្តង» ។
ជាមួយហេតុការណ៍ ក្រោយក្រុមសារព័ត៌មានទំនាក់ទំនងទៅលោកស្នងការរងរួចមកហើយ លោកបានប្រាប់វិញថា រង់ចាំសិនលោកកំពុងធ្វើការសិននោះ ក្រុមអ្នកសារព័ត៌មានមិនបាន ធ្វើអ្វីខុសពីក្រមសីលធម៌ដែរ ដោយផ្តល់ឱសឲ្យជំនាញអនុវត្តច្បាប់ចប់សព្វគ្រប់ទៅតាមតួនាទី ។
អង្គការសង្គមស៊ីវិល បានលើកឡើងថា សិទ្ធិទទួលបានព័ត៌មានជារឿងមួយសំខាន់ ដើម្បីបានឱ្យសង្គមទាំងមូលបានដឹង អំពីអ្វីដែលកើតឡើង ហើយក៏មិនមានអ្វី ដែលត្រូវលាក់កំបាំងនោះដែរ ។ បើគ្រាន់តែជាការទៅយកព័ត៌មាន ដើម្បីផ្សព្វផ្សាយ គឺវាពុំមានអ្វីដែលជាកំហុសខុសឆ្គង រហូតដល់ចាប់ចងនោះដែរ ។ ហើយប្រសិនជាបុគ្កល ជានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់នោះ ប្រើពាក្យគំរាមកំហែងលើអ្នកសារព័ត៌មាន គឺខុសទាំងស្រុង ។
ប្រសិនគាត់មិនពេញចិត្តផ្តល់ព័ត៌មាន គាត់អាចប្រើប្រាស់ពាក្យសមរម្យឱ្យមានសីលធម៌ជាមន្ត្រីនគរបាល ជាតិ ហើយក្រសួងមហាផ្ទៃ ក៏បានបង្រៀនអំពីសីលធម៌ ក្នុងការដឹកនាំគេដែរ ។
ពាក់ព័ន្ធករណីខាងលើ កោះសន្តិភាពបានធ្វើការទំនាក់ទំនងទៅលោកម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកកំពុងជាប់ភារកិច្ចចុះតាមស្រុក និងឱ្យទាក់ទងទៅលោកសាន់ និមល ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដកិច្ចដែលជាជំនាញ ។
លោកសាន់ និមល ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង កោះសន្តិភាពបានទំនាក់ទំនង តែលោកមិនបានឆ្លើយតបអ្វីទេ ។
ការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ លោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ កក្កដា ២០១៦ ថា មិនមានអ្នកណារាយការណ៍ជូនលោកអំពីករណីបង្ក្រាបនោះទេ ។ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងលោកសុខ សេដា បានប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៣០ កក្កដា ២០១៦ នេះថា ចំពោះករណីរថយន្តដឹកឈើ ដែលកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់នោះ មិនទាន់បញ្ជូនមកខណ្ឌរដ្ឋបាលព្រៃឈើនៅឡើយទេ ៕