ខេត្តសៀមរាប ៖ ល្បែងភ្នាល់ជល់មាន់ដុះស្លែមួយកន្លែងនៅក្នុងស្រុកក្រឡាញ់ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ហើយអ្នកស្រុកនាំគ្នាងឿងឆ្ងល់ថា ហេតុអ្វីសមត្ថកិច្ចមិនដឹង?
ទីតាំងបើកល្បែងខាងលើអ្នកស្រុកប្រាប់ថា បានបើកលេងយ៉ាងដុះស្លែជាយូរមកហើយ គឺក្នុងភូមិសន់ថន ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់លេងថ្ងៃសុក្រ ដោយអ្នកញៀនល្បែងនាំគ្នាលេងចាក់លុយធំៗ ព្រមទាំងហ៊ោរកញ្ច្រៀវ ដល់ពេលចាញ់ឈ្នះម្តងៗប្រៀបបានទីនោះជាកន្លែងផ្សារត្រី។
ប្រភពពីអ្នកញៀនល្បែងម្នាក់បានប្រាប់ថា ជើងកាងបនល្បែងនៅទីនោះ ឈ្មោះ ភ័ត ភេទប្រុស មិនទាន់ស្គាល់អាយុមានទីលំនៅភូមិ-ឃុំខាងលើ។
ជុំវិញករណីខាងលើនេះដែរ លោកវរសេនីយ៍ទោ ចាន់ សារ៉េត អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានប្រាប់ តាមទូរស័ព្ទនៅវេលាម៉ោង៤និង៥៦នាទី ថ្ងៃទី៣០ កក្កដា ២០១៦ នេះថា ចំពោះករណីមានល្បែងភ្នាល់ជល់មាន់នេះ លោកបានឱ្យកម្លាំងក្រោមឱវាទដេញរត់រប៉ាត់រប៉ាយម្តងហើយ។ លោកបន្តថា ករណីភ្នាល់ជល់មាន់ថ្ងៃនេះ លោកពុំបានដឹងទេ ព្រោះកន្លែងជល់នោះវានៅឆ្ងាយពីស្រុក ដូច្នេះចាំលោកហៅមេប៉ុស្តិ៍ទាំងអស់មកព្រមានម្តងសិន បើប៉ុស្តិ៍ណានៅមានល្បែងស៊ីសង ឬភ្នាល់ជល់មាន់ទៀត លោកនឹងរាយការណ៍ទៅថ្នាក់លើ។