ខេត្តក្រចេះ ៖ ឧបទ្ទវហេតុដ៏រន្ធត់មួយបានបណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់យ៉ាង អណោចអាធ័មនៅក្រោមផ្ទាំងបេតុងផ្ទះរបស់ខ្លួនឯងកាលពីវេលាម៉ោង៥ ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ។
ឧបទ្ទវហេតុដ៏រន្ធត់នេះបានកើតឡើងទៅលំនៅឋានបុរាណមួយដែលមាន សភាពចាស់ទ្រុឌទ្រោមនៅភូមិកោះកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ពុន ស្រាន អាយុ៥៩ឆ្នាំ រស់នៅផ្ទះកើតហេតុ ស្លាប់យ៉ាងអាណោចអាធ័ម ។
បើតាមការបំភ្លឺពីក្រុមគ្រួសារស្ត្រីរងគ្រោះបានប្រាប់នគរបាល ថា នៅវេលាម៉ោង៥ព្រឹក ស្ត្រីរងគ្រោះបានដើរសំដៅទៅរានហាលខាងក្រោយផ្ទះដើម្បីហាត់ប្រាណ ដូចតាមទម្លាប់រាល់ថ្ងៃ ។ នៅពេលដែលដើរទៅដល់រានហាល ក៏ស្រាប់តែបាក់ថ្មបេតុងធ្លាក់ចុះក្រោម ហើយថ្មបេតុងរានហាលបានសង្កត់លើស្ត្រីរងគ្រោះបណ្តាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែង ។
លោកវរសេនីយ៍ទោ ឌួង សុទ្ឋី អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ និងសមត្ថកិច្ចមូដ្ឋានជួយគាស់ទាញចេញយកមកក្រៅដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី ៕