ខេត្តកណ្ដាល ៖ ស្ត្រី២នាក់ក្នុងចំណោម៣នាក់ បានត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាលើស្ត្រី ម្នាក់ កាលពីវេលាម៉ោង0៩ និង១០នាទីព្រឹកថ្ងៃទី៣១ កក្កដា ដោយសារទំនាស់រឿងកន្លែងលក់ដូរនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀន ស្វាយ ដែលជាផ្សារតូចមួយនៅក្នុងភូមិក្បែរផ្លូវ ។
ក្រុមស្ត្រីបង្កហិង្សាមានគ្នា៣នាក់គឺ ១-ឈ្មោះ សូត្រ សាវឿន អាយុ៣៦ឆ្នាំ លក់ដូរ (សមត្ថកិច្ចឃាត់ខ្លួន) ២-ឈ្មោះ ទិត ដានី អាយុ៣១ឆ្នាំ អ្នកលក់ដូរ ត្រូវជាប្អូនថ្លៃរបស់ឈ្មោះ សូត្រ សាវឿន (ឃាត់ខ្លួន) និង៣-ឈ្មោះ ធី បញ្ញា អាយុ១១ឆ្នាំ ត្រូវជាកូនស្រីបង្កើតរបស់ឈ្មោះ សូត្រ សាវឿន បានរត់គេចខ្លួន ។ ស្ត្រីទាំង៣នាក់ ដែលជាបងប្អូននិងកូននេះ មានទីលំនៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
ចំណែកស្ត្រីរងគ្រោះឈ្មោះ ថា លីដា អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ត្រូវសន្លប់ និងត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រភពពីអ្នកលក់ដូរជិតខាងនិយាយថា នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះ សូត្រ សាវឿន ដែលមានកន្លែងលក់ដូរជាប់តូបស្ត្រីរងគ្រោះ បានយកកៅអីជរ័ពណ៌ក្រហមដាក់ចូលមកខាងកន្លែងជនរងគ្រោះលក់ ដូរ ។
ពេលនោះជនរងគ្រោះ បានយកជើងគាស់កៅអីជរ័នោះចេញ ហើយភ្លាមៗនោះស្ត្រីឈ្មោះ សូត្រ សាវឿន ក៏ស្ទុះមកប្រវាយប្រតប់និងយកកៅអីជរ័វាយទៅលើក្បាលជនរងគ្រោះ ។ នៅពេលនោះដែរ ស្ត្រីឈ្មោះ ទិត ដានី (ប្អូនថ្លៃរបស់ឈ្មោះ សូត្រ សាវឿន ) និងឈ្មោះ ធី បញ្ញា (កូនបង្កើត របស់សូត្រ សាវឿន )បាននាំគ្នាព្រួតវាយជនរងគ្រោះ បណ្ដាលឲ្យស្ត្រីរងគ្រោះដួលទៅលើទូកញ្ចក់លក់បង្អែម និងសន្លប់នៅកន្លែងកើតហេតុ ។
ពេលឃើញសភាពបែបនេះ អ្នកជិតខាងបានរាយការណ៍ប្រាប់ទៅនគរបាលប៉ុស្តិ៍គគីរ ចុះមកអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់បាន២នាក់ នាំយកទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាម នីតិវិធី ៕