ភ្នំពេញ៖ បុរសម្នាក់បានគិតខ្លី ដោយតូចចិត្តនឹងប្រពន្ធរត់តាមប្រុសសាហាយ ម្យ៉ាងខឹងនឹងក្រុមគ្រួសារស្តីបន្ទោស ក៍ធ្វើអត្តឃាត ដោយយកក្រមាចងកនឹងមែកអំពិល សម្លាប់ខ្លួនតែម្តង ។ ហេតុការណ៍ដ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅត្រង់ចំណុច ខាងក្រោយអូសហ្វីស ប៊ូយ៉ុង នៅតាមបណ្តោយមាត់ទន្លេមេគង្គភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីវេលាព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នេះ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលគិតខ្លី ហើយចងករសម្លាប់ខ្លួន នោះមានឈ្មោះ អូន រសាក់ ហៅសាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរ នេសាទត្រី ស្នាក់នៅលើទូកកើតហេតុខាងលើ ។ មានប្រពន្ធឈ្មោះ គង់ ស្រីន អាយុ ២៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិអង្លុងកាង៉ាន សង្កាត់ក្មួញ ខណ្ឌសែនសុខ មានផ្ទៃពោះ៩ខែ ហើយបានរត់ចោលប្តី ចំនួន៣ខែមកហើយ ព្រមទាំងមានកូនប្រុស ២នាក់កូនបងអាយុ៣ឆ្នាំកូនប្អូនអាយុ២ឆ្នាំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ជនដែលចងករសម្លាប់ខ្លួនឯងនោះ បានសុំលុយម្តាយចំនួន៥ម៉ឺនរៀល ទៅលេងប្អូនស្រី។ តែម្តាយមិនឲ្យដោយសារតែក្រុមគ្រួសារនោះ មានជីវភាពខ្វះខាត រកបានមួយថ្ងៃ ហូបមួយថ្ងៃ តែប៉ុណ្ណោះ ។ លុះដល់វេលាម៉ោង៩និង២០នាទីយប់ ថ្ងៃដដែល ជននោះហើយនឹងមិត្តភក្តិបាននាំគ្នា ដើរទៅកន្លែងកើត រួចក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។
ស្រាប់តែព្រឹកឡើង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានម្ចាស់ដីដើរកាត់នោះ ក៏បានប្រទះឃើញសាកសពបុរសខាងលើ រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។ក្រោយពី កើតហេតុ សមត្ថិច្ចបានចុះមកដល់រួច បានធ្វើការពិនិត្យកោសល្យវិច័យរកឃើញថា បុរសខាងលើ ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្នសាកសពខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុម គ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណី ៕