ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ម្នាក់ បានរងរបួសធ្ងន់ ដោយសារជនជាតិចិនជាជនបង្ក បានចាក់មួយដបស្រា ត្រង់ដើមទ្រូងខាងស្តាំ ខណៈដែល ចុះទៅអន្តរាគមន៍ ក្នុងករណី ជនជាតិចិនអុកឡុកក្នុងហាងផឹកស៊ីមួយកន្លែង។ យោងតាមប្រភពសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៦និង០០នាទី មានករណីប៉ុនប៉ងឃាដកម្មមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះមួយ កើតឡើងនៅចំណុចហាង ស្ប៉ាដឺបា ស្ថិតក្នុងក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។
នៅវេលាម៉ោង០៥ និង៤០នាទី មានម្ចាស់ហាងយីហោ ស្បាដឺបា ឈ្មោះ ង្វៀង ធីឡង ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់លេខ៣ ថាមានជនជាតិចិនម្នាក់ បានមកផឹកស៊ីក្នុងហាងរបសគាត់់តាំងពីម៉ោង១១យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ព្រឹកនេះ ហើយបានធ្វើការអុកឡុកក្នុងហាងរបស់គាត់។ ក្រោយពេលទទួលបានបណ្តឹងរាយការណ៍ លោកមេប៉ុស្តិ៍បានចាត់តាំងលោក សៅ សំណាង ជាមន្ត្រីប៉ុស្តិ៍ឲ្យទៅជួយអន្តរាគមន៍។
នៅវេលាម៉ោង០៦ និង០០នាទី ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លោក សៅ សំណាង បានទៅដល់កន្លែងកើតហេតុ ភ្លាមនោះជនជាតិចិន ឃើញសមត្ថកិច្ចទៅដល់ ក៏ទាញយកដបស្រាវាយបំបែកមាត់ដប ហើយគាត់លាក់នៅក្រោយខ្នង រួចដើរសំដៅមកសមត្ថកិច្ច ហើយបានយកដៃម្ខាងរុញ និងដៃម្ខាងទៀតកាន់ដបយកមកចាក់ចំដើមទ្រូងសមត្ថកិច្ច បណ្តាលឲ្យត្រូវរបួសបីកន្លែង(ធ្ងន់) ក្នុងពេលធ្វើសកម្មភាពនោះ បានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅទីនោះជួយចាប់ជនជាតិចិននោះចេញ រួចយកទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកបាយ័ន។ ជនរងគ្រោះឈ្មោះ សៅ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ (រងរបួសធ្ងន់ដេរចំនួន ១៨ថ្នេរ)។
ជនសង្ស័យឈ្មោះ HUANG JINAN ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារ និងកាស៊ីណូ ដាយមិនស៊ី ស្នាក់នៅកាស៊ីណូដាយមិនស៊ី។ ក្រោយពីទទួលដំណឹងថា មន្ត្រីនគរបាលម្នាក់ត្រូវជនជាតិចិន យកដបចាក់បណ្តាលឲ្យរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ លោឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំគណៈស្នងការទៅសួរសុខទុក្ខ និងនាំយកថវិកាចំនួន៣០០ដុល្លារ និង១.៣៥០.០០០រៀល ទៅជួយឧបត្ថម្ភលោកអនុសេនីយ៍ត្រី សៅ សំណាង មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ដោយសារជនជាតិចិន ចាក់បណ្តាលឲ្យរបួសធ្ងន់ ក្នុងពេលជាមួយគ្នានោះលោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បាននាំយកថវិកាចំនួន៧០០.០០០រៀលទៅជួយឧបត្ថម្ភផងដែរ។
មានមតិនាពេលនោះលោកស្នងការបានបញ្ជាក់ថា គណៈស្នងការមានការគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនមន្ត្រីថ្នាក់ ក្រោម មិនទុកឲ្យឯកាម្នាក់ឯងឡើយ សូមឲ្យខិតខំថែរក្សាព្យាបាលខ្លួនឲ្យបានឆាប់ជាសះស្បើយ ។ បច្ចុប្បន្នជនបង្កជនជាតិចិន កំពុងឃុំខ្លួននៅអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាល ដើម្បីចាត់តាមនិតិវិធីច្បាប់៕