​ផ្ទុះការតវ៉ាប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​ដឹកទំនិញ​ប្រមាណ​ជាង ២០០ នាក់ស្នើបញ្ចុះតម្លៃពន្ធរថយន្ត

02-August-2016 | ដោយ មែន កំសត់

 

 ​កំពង់ចាម​៖​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត​ដឹកទំនិញ​ប្រមាណ​ជាង ២០០ នាក់​បានមក​ប្រជុំគ្នា​នៅខាងមុខ​សាលាខេត្ត​កំពង់ចាម​នា​ព្រឹក​ថ្ងៃទី ០១ ខែសីហា ដើម្បី​ដាក់សំណើ និង សំណូមពរ​តាមរយ​:​អភិបាលខេត្ត​នេះ​ឲ្យ​ជួយ​ពាំនាំ​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេស​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ សម្តេច​មេត្តាជួយ​រក្សា​ការបង់ពន្ធ​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​ទូទៅ ឲ្យ​បាន​នៅ​តម្លៃ​ដូច​មុន​ដដែល​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១៦​ ខែមិថុនា​ឆ្នាំ​២០១៦​កន្លងទៅនេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានចេញ​ ប្រកាស​ការកំណត់​ប្រាក់​ពន្ធ​តាម​ប្រភេទ​មធ្យោបាយ​ដឹកជញ្ជូន ក្រៅពី​រថយន្ត​ទេសចរណ៍ គឺ​កែប្រែ​តម្លៃ​ប្រាក់​ពន្ធ​ប្រចាំឆ្នាំ​ថ្មី​។ ក្នុងនោះ​សម្រាប់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ ពោលគឺ​រថយន្ត​ដឹកទំនិញ​ចំណុះ​ភ្លៅ​បី​ឡើងទៅ​ភ្លៅ​ប្រាំ និង រ៉ឺម៉ក​សណ្តោង​បង់ពន្ធ​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ក្នុង​បរិមាណ​ខ្ពស់​ណាស់​។​
​    ​
​ លោក​ហុង​គ្រី​ជា​ម្ចាស់​រថយន្ត​ចំណុះ​ភ្លៅ​៤​មកពី​ភូមិ​បុសខ្នុរ​ឃុំ​ បុសខ្នុរ​ស្រុក​ចម្ការលើ​បានមក​ចូលរួម​សុំ​បញ្ចុះតម្លៃ​បង់ពន្ធ​ផ្លូវ​ ប្រចាំឆ្នាំ​នោះ​ជាមួយ​ម្ចាស់​រថយន្ត​ផ្សេងទៀត​ប្រហែល​ជាង​២០០​នាក់​បាន​ ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ថា​អ្នក​ទាំងអស់​ជា​ម្ចាស់​រថយន្ត​ ដឹកទំនិញ​ដែល​បញ្ហា​ដូចគ្នា​មកពី​ស្រុក​ចម្ការលើ​ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​។​


មួយចំនួន​មកពី​ស្រុក​ត្បូងឃ្មុំ​ស្រុក​អូ​រាំង ​ឪ​ខេត្ត​ត្បូងឃ្មុំ​និង​មួយចំនួនទៀត​មកពី​ខេត្តព្រៃវែង​គឺ​មកសុំ​ឲ្យ​ អភិបាលខេត្ត​កំពង់ចាម​ពាំនាំ​សំណើ​ទៅកាន់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។​សំខាន់​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូម​សម្តេច​មេត្តាជួយ​ឲ្យ​តម្លៃ​បង់ពន្ធ​ផ្លូវ ឬ​ពន្ធ​មធ្យោបាយ​សម្រាប់​រថយន្ត​ចំណុះ​ភ្លៅ​បី​ដល់​ភ្លៅ​ប្រាំ ឬ​រថយន្ត​រ៉ឺម៉ក​សណ្តោង​នៅ​រក្សា​តម្លៃ​បង់ពន្ធ​ដដែល ឬ​ឡើង​ក្នុង​កម្រិត​សមរម្យ​ល្មម​បាន​ហើយ​។​

​ប្រភពព័ត៌មាន​នោះបាន​ ឲ្យ​ដឹង​ទៀតថា ក្នុងនោះ​បើ​បង់ប្រាក់​ពន្ធ​ថ្មី​តាម​កម្រិត​របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បានប្រកាស​នោះ គឺ​សម្រាប់​រថយន្ត​របស់លោក​ចំណុះ​ភ្លៅ​បួន​ដែល​រាល់​ឆ្នាំ​បង់ ៧៥​ម៉ឺន​រៀល​ត្រូវ​បង់​ដល់​ទៅ​ជាង​ពីរលាន​រៀល​។ មានន័យថា ត្រូវ​បង់​តម្លៃ​ចាស់​មួយ​គុណ​បី គឺ​ពិបាក​ទ្រាំទ្រ​រ៉ា​រង​ខ្លាំងណាស់ ណាមួយ​នៅ​រកប្រាក់​បង់ពន្ធ​ប្រចាំខែ និង បង់​ប៉ាតង់​ទៀតផង​។​
​    ​
​ មន្ត្រី​សាលាខេត្ត​កំពង់ចាម​បាន​ហៅ​តំណាង​ម្ចាស់​រថយន្ត​ជា​អ្នក​តវ៉ា​ចំនួន ​បីនាក់​ដើម្បី​ជា​ជួបប្រជុំ​ជាមួយ​អភិបាលខេត្ត និង មន្ត្រី​ពន្ធដារ រយ​:​ពេល​ប្រមាណ​មួយ​ម៉ោង​ក៏បាន​ចេញមក​វិញ​ផ្តល់​បទសម្ភាសន៍​ដល់​អ្ន​ក​ កាសែត​ដែល​នៅ​រង់ចាំ​ខាងក្រៅ​របង​ថា លោក លន់ លឹម​ថៃ ជា​អភិបាលខេត្ត​នេះ​បាន​ទទួលយក​សំណើ​របស់​ពួកគាត់​ហើយ ដើម្បី​ពាំនាំ​ទៅ​ដាក់ជូន​សម្តេច​តេ​ជោ និង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ហើយ​បាន​រំសាយ​ការជួបជុំ​ទៅកាន់​លំនៅស្ថាន​រៀងៗ​ខ្លួន​៕

 

ចំនួនអ្នកទស្សនា

    20587037

  • ថ្ងៃនេះ11051
  • ម្សិលមិញ6261
  • សប្តាហ៍នេះ29431
  • ខែនេះ144581
  • ឆ្នាំនេះ144581
  • សរុប20587037