ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ខណៈត្រឡប់មកស្រុកកំណើតដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ។
លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានឲ្យដឹងថា ជនត្រូវចោទនោះឈ្មោះ ស៊ី ប៉ែល អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិខាងលើ ។ ជននេះត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨០៣ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១០ ដោយលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលដំបូងខេត្តបាត់ដំបង ដោយជាប់ចោទពីបទ «ប្លន់» ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៩កន្លងទៅ នៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង តែក្រោយប្រព្រឹត្តជននេះបានរត់គេចខ្លួន លុះវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវកម្លាំងរបស់លោកចាប់ខ្លួនតែម្ដង ។
បន្ទាប់ពីត្រូវចាប់ខ្លួន ជនត្រូវចោទឈ្មោះស៊ី ប៉ែល បានសារភាពជាបឋមថា ខ្លួនពិតជាបានប្រព្រឹត្តអំពើប្លន់នោះមែន តែជននេះមិនបានរៀបរាប់លម្អិតអំពីសកម្មភាពប្លន់នោះទេ ។ ជននេះបានប្រាប់សមត្ថកិច្ចថា ក្រោយកើតហេតុខ្លួនបានរត់ចោលស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយស្មានថា ជិត៧ឆ្នាំកន្លងទៅរឿងនេះត្រូវគេបំភ្លេច ឬចប់សព្វគ្រប់ទៅហើយ លុះត្រឡប់ចូលស្រុកវិញបានប្រហែល១០ថ្ងៃ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ។
លោកប៉ាង ហៀង បញ្ជាក់ថា ជននេះបានវិលចូលស្រុកក្នុងគោលបំណងមកធ្វើអត្តសញ្ញាណប័ណ្ណ ប៉ុន្តែស្របពេលជននេះមានដីកាចាប់ខ្លួនស្រាប់ផង ពេលជននេះបង្ហាញខ្លួនសមត្ថកិច្ចចាប់ខ្លួនភ្លាមតែម្ដង ហើយក៏បញ្ជូនទៅប្រគល់ឲ្យតុលាការភ្លាមៗផងដែរ ៕