ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានកំពុងតែដំណើរស៊ើបអង្កតករណីឃាតកម្មលើ លោកបណ្ឌិត កែម ឡី ដើម្បីរកអ្នកដែលពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នង ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់រស្មីកម្ពុជា កាលពីល្ងាចថ្ងៃទី៣ ខែសីហា ថាចំពោះករណីនេះ ជនដៃដល់សមត្ថកិច្ចចាប់បានហើយ និងបានបញ្ជូនទៅស្ថាប័នតុលាការ និងបានចោទប្រកាន់ហើយ នៅតែកាត់ទោសជាសាធារណៈ។ទន្ទឹមនឹងតុលាការធ្វើការកាត់ទោស តុលាការក៏ត្រូវមានក្រុមស៊ើបអង្កេតអំពីអ្នកនៅពីក្រោយខ្នង ហើយតុលាការត្រូវការអ្វីបន្ថែមគាត់ត្រូវសហការជាមួយស្ថាប័នប៉ូលិស ។ សមត្ថកិច្ចបានបញ្ជូនកាម៉ារ៉ា រួមទាំងវត្ថុតាងពាក់ព័ន្ធ គឺបានបញ្ជូនទៅតុលាការរួចហើយ។
លោកបានបញ្ជាក់ថា “...មានការចោទសួរថា ម៉េចបានជាមិនបង្ហាញរូបភាពវីដេអូជាសាធារណៈ ក្នុងសមត្ថកិច្ចតុលាការគេទុករូបភាពហ្នឹងដើម្បីធ្វើការស៊ើបស អង្កេតបន្តទៀត បានជាគេមិនទាន់បង្ហាញ ប៉ុន្តែគេអាចមើលបាន អ្នកមើលបាន គឺអ្នកណា... ហើយសូមឲ្យក្រុមគ្រួសារជនរងគ្រោះ ឬក៏មេធាវីរបស់ជនរងគ្រោះ ទៅទាក់ទងជាមួយតុលាការដើម្បីមើលធ្វើការស៊ើបអង្កេតជាមួយគ្នា... ព្រោះមកដល់ពលនេះ បើតាមលោកដឹង គឺមិនទាន់ឃើញមានក្រុមគ្រួសារជនរងគ្រោះទៅសហការជាមួយទេ...”។
ការបញ្ជាក់ខាងលើនេះ គឺបន្ទាប់ពីអង្គការ global witness បានផ្ញើលិខិតចំហមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ សូមឱ្យមានការស៊ើបអង្កេតលើករណីឃាតកម្មលោកកែម ឡី ។
នៅក្នុង លិខិតរបស់អង្គការមួយនេះ គឺហាក់ដូចជាមិនបានមើលអ្វីជាការពិត ឬជាក់ស្តែងនៅកម្ពុជានោះទេ ពីព្រោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងរកអ្នកដែលពាក់ព័ន្ធ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារ សេនាធិការដ្ឋាននិងសមិទ្ធិផលនានា របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់សូមសម្តែងមរណៈទុក្ខចំពោះគ្រួសារសព ក៏ដូចជាការសោកស្តាយ និងថ្កោលទោសម៉ឺងងម៉ាត់ចំពោះអំពើព្រៃផ្សៃនេះហើយសូមចេញបទបញ្ជាឱ្យ អាជ្ញាធរមានសមត្ថកិច្ចស្វែងរកនៅជនដៃដល់ និងជនឃុបឃិតទាំងឡាយដើម្បីផ្តន្ទាទោសតាមច្បាប់។
សម្តេចតេ ជោ ហ៊ុន សែន បានបន្តទៀតថា “...ជាមួយនឹងការថ្កោលទោសទៅលើអ្វីដែលបានកើតឡើង (ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី) ក៏ដូចជារយៈពេលកន្លងទៅ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម និងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ចធ្វើការងាររបស់គេ ហើយសង្ឃឹមថា រឿងទាំងនេះ អ្នកនយោបាយផ្សេងទៀត នឹងមិនប្រើប្រាស់បញ្ហាទាំងនេះ ធ្វើជាបញ្ហានយោបាយអុជអាលដែលនាំឲ្យជាតិចលាចលនោះទេ... ”៕