ខេត្តព្រះវិហារ ៖ រថយន្តកាមរីហើម ស៊េរី៩៥ មួយគ្រឿង ពណ៌សំបកឪឡឹក អត់ស្លាកលេខ ផ្ទុកឈើគ្រញូង ប្រមាណជាង១០០ដុំ បានជាប់អន្ទាក់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកឆែប និងឃាត់ខ្លួនមនុស្សបាន២នាក់ កាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦នេះ។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកឆែបបានឲ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះថា មុននឹងឈានដល់ការឃាត់រថយន្តដឹកឈើខាងលើ សមត្ថកិច្ចបានទទួលព័ត៌មាន ពីស្រុកជាំក្សាន្ត ថាមានរថយន្តមួយគ្រឿងផ្ទុកឈើគ្រញូងពេញ បំណងឆ្ពោះឆ្លងកាត់ទីរួមខេត្តព្រះវិហារតាមផ្លូវជាតិលេខ៦២ បន្តទៅខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៩ ។
មន្ត្រីដដែលបន្តថា ខណៈនោះសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្រុកឆែប បានដាក់កម្លាំងចាំត្រួតពិនិត្យ ក៏ឃើញរថយន្តខាងលើមកដល់ពិតប្រាកដមែន ហើយបានបញ្ជាឲ្យរថយន្តឈប់ដើម្បីត្រួតពិនិត្យ តែរថយន្តខាងលើនៅតែបន្តបើកក្នុងល្បឿនយ៉ាងលឿន ពេលនោះសមត្ថកិច្ចជំនាញ ក៏បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកឆែប ស្ទាក់ចាប់បានភ្លាមៗនៅក្នុងភូមិកំពង់ព្រះឥន្ទ្រ ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ត្រួតពិនិត្យទៅឃើញសុទ្ធតែឈើគ្រញូង។ មន្ត្រីជំនាញដដែលបានបន្តថា ក្រោយត្រួតពិនិត្យរថយន្តល្មើសរួចមក សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ គង់ រិទ្ធិ អាយុ៣៤ឆ្នាំ រស់នៅភូមិស្រះក្តុល ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ហើយគេអះអាងថា ខ្លួនជាមន្ត្រីយោធានៅកងពលតូចអន្តរាគមន៍លេខ៨ទៀតផង រីឯអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សំអឿន អាយុ៤៨ឆ្នាំ រស់នៅភូមិរាជានគរ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដើម្បីសាកសួរ។ ជុំវិញបញ្ហាដែលជនសង្ស័យអះអាងថាខ្លួនជាមន្ត្រីយោធារបស់កងពលតូច លេខ៨ខាងលើនេះ លោកឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចលេខ៨ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទ នៅថ្ងៃទី៣ ខែសីហានេះ បានបដិសេធដាច់ខាតថា ឈ្មោះ គង់ រិទ្ធិ ខាងលើនេះមិនមែនជាមន្ត្រី ឬកូនចៅរបស់លោក ក្នុងកងពលតូចលេខ៨នោះទេ ។ ចំណែកឯវត្ថុតាងដែលរឹបអូសបាន មានឈើគ្រញូង១៣៨ដុំ ស្មើនឹង៣២៦គីឡូក្រាម រថយន្តកាមរីហើម ១គ្រឿង ស៊េរី៩៥ ពណ៌សំបកឪឡឹក អត់ស្លាកលេខ ក្រោយវាស់វែងរួចសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធី ៕