ខេត្តក្រចេះ ៖ បុរសជនជាតិខ្មែរអ៊ីស្លាមម្នាក់ដែលមានប្រពន្ធនិងកូន២នាក់ទៅហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យរូបនេះបានល្បួងក្មេងស្រីរំលោភរហូតមានសម្រេចនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួននៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
លោក ណយ ស៊ីថាច អធិការរងនគរបាលស្រុកសំបូរ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាន់ ទីន អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបានមកស្នាក់នៅធ្វើចម្ការនៅឃុំកើតហេតុ ជនសង្ស័យរូបនេះមានប្រពន្ធ និងមានកូន២នាក់នៅស្រុកកំណើត ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ៦ឆ្នាំប៉ុណ្ណោះ ។
លោក ណយ ស៊ីថាច បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ខណៈដែលក្មេងស្រីរងគ្រោះត្រូវបានម្តាយប្រើឲ្យទៅកាត់គល់ស្លឹកគ្រៃនៅក្បែរផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យក៏បានហៅក្មេងស្រីរងគ្រោះដោយឲ្យលុយនាង១ពាន់រៀល និងបានល្បួងនាងឡើងលើផ្ទះ ហើយបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចនៅក្នុងបន្ទប់នៅក្នុងផ្ទះរបស់ខ្លួន ។
លោកអធិការរងបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរំលោភរួច ក្មេងស្រីរងគ្រោះបានយករឿងនេះមកប្រាប់ឪពុក ទើបនាំគ្នាការមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ៕