ត្បូងឃ្មុំ៖ បុរសវ័យ២៣ឆ្នាំម្នាក់ បានស៊ើបដឹងថាឪពុកម្តាយរបស់ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ ដែលមានជំងឺវិកលចរិក បានចេញទៅចៀរជ័រកៅស៊ូនោះ គឺបុរសជាជនសង្ស័យម្នាក់នោះ បានលបចូលទៅក្នុងផ្ទះក្មេងស្រីរូបនេះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ:រហូតបានសម្រេច ហើយគេចខ្លួនបាត់ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ។
សកម្មភាពរំលោភផ្លូវភេទលើក្មេងស្រីមិនគ្រប់អាយុ និងមានជំងឺប្រចាំកាយផងនោះ បានកើតឡើងនៅភូមិ១២ឃុំព្រះធាតុ ស្រុកអូរាំងឪ ដែលជនល្មើសរស់នៅក្នុងភូមិកើតហេតុជាមួយជនរងគ្រោះដែរ ហើយសមត្ថកិច្ចនគរបាល បានកំណត់អត្តសញ្ញាណជនសង្ស័យ រួចហើយ កំពុងតាមចាប់ខ្លួនជននេះ និង បានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ បាន ដឹងនៅថ្ងៃទី៣ សីហា ឆ្នាំ២០១៦ ថាជនរងគ្រោះជាក្មេងស្រីអាយុ ១៤ ឆ្នាំជាកូន ដែលមានឪពុកឈ្មោះ អន សម្បត្តិ អាយុ ៥៣ ឆ្នាំ និងម្តាយឈ្មោះ ឌុន យ៉ែមអាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ មុត ផលលក្ខណ៍ អាយុ ២៣ឆ្នាំ ។ ប្រភពព័ត៌មាននោះបានស្រង់សម្តីបំភ្លឺ ឪពុកម្តាយក្មេងរងគ្រោះឲ្យដឹងថា ឈ្មោះលក្ខណ៍ ជាជនសង្ស័យនេះគឺរស់នៅក្នុងមូលដ្ឋានភូមិ១២ដែរ ។
ជននេះបានឆ្លៀតឳកាស ពីរនាក់ប្តីប្រពន្ធគាត់ចាកចេញពីផ្ទះ ទៅចៀរជ័រកៅស៊ូ ដោយទុកកូនស្រីអាយុ១៤ឆ្នាំ ដែលមានជំងឺវិកលចរិក ប្រចាំកាយ ឲ្យនៅចាំផ្ទះម្នាក់ឯង ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាខាងលោកបានណែនាំឲ្យឪពុកម្តាយជនរងគ្រោះ នាំកូនស្រី ទៅឲ្យគ្រូពេទ្យពិនិត្យ និងធ្វើកោសល្យវិច័យ និងបានផ្សព្វផ្សាយអត្តសញ្ញាណជនសង្ស័យឈ្មោះ មុត ផលលក្ខណ៍ ដើម្បីស្វែងរកចាប់ខ្លួនគេយកមកផ្តន្ទាទោស៕